Ford បង្ហាញតួលេខផ្លូវការពីចម្ងាយបើកបររបស់ឡានភីកអាប់ F-150 អគ្គិសនី

[ទីផ្សារបរទេស] រថយន្ត Ford F-150 Lightning ស៊េរីឆ្នាំ២០២២ ត្បិតថាមិនមែនជារថយន្តភីកអាប់អគ្គិសនីដំបូងដែលចេញលក់លើទីផ្សារ ប៉ុន្តែវាទំនងជាលក់ដាច់ខ្លាំងដោយសារតែនៅសហរដ្ឋអាមេរិកវាមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ប៉ុណ្ណោះ ដែលមានឡើងដល់ ៩០ ៨៧៤ដុល្លារ សម្រាប់ប្រភេទ Platinum ដែលមានប្រណីតភាពខ្ពស់។

ពេលនេះដែរ Ford បានបង្ហាញចេញជាផ្លូវការនូវតួលេខដែលប៉ាន់ស្មានអំពីចម្ងាយបើកបរដែលទទួលបានពីស្ថាប័ន EPA របស់សហរដ្ឋអាមេរិក។ ក្នុងនោះដែរ F-150 Lightning ធូរថ្លៃជាងគេគឺប្រភេទ Pro SR នឹងអាចបើកបរបានចម្ងាយ ៣៧០គីឡូម៉ែត្រ ជាមួយអាគុយចំណុះ ៩៨kWh ខណៈដែលវាក៏នឹងមានជម្រើសអាគុយទំហំ ១៣១kWh ផងដែរ ដែលបើកបរបានចម្ងាយ ៥១៤គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក F-150 Lightning ប្រភេទ Platinum ដែលមានតែជម្រើសអាគុយធំមួយមុខនោះ អាចបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។ ឃើញថាចម្ងាយបើកបរទាំងនេះគឺឆ្ងាយជាង ៣២គីឡូម៉ែត្រ បើធៀបនឹងការប៉ាន់ស្មានពីមុនដែល Ford បានបង្ហាញចេញ។

ជាមួយរយៈចម្ងាយបើកបរទាំងនេះដែរនឹងធ្វើឲ្យ F-150 Lightning​​ អាចប្រកួតប្រជែងនឹងរថយន្តអគ្គិសនីដទៃទៀតបានមិនថារថយន្តភីកអាប់ ឬក៏រថយន្ត SUV នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម