[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Tourneo ស៊េរីថ្មី ដែលជាប្រភេទ Van អគ្គិសនីសុទ្ធ ដែលមានម៉ូដែលជាច្រើនសម្រាប់ជ្រើសរើសរួមមាន Active, flashy Sport, និង Titanium X នៅក្នុងទីផ្សារអឺរ៉ុបជាមួយការដឹកជញ្ជូនចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៣ ។
Ford Tourneo ស៊េរីថ្មី ផ្អែកលើស្ថាបត្យកម្មថ្មីដែលផ្តល់ឲ្យរថយន្តមានកម្ពស់ទាប។ ឥឡូវនេះក៏មានបំពាក់ប្រព័ន្ធ independent rear suspension ខាងក្រោយជាស្តង់ដារផងដែរ ដែលផ្តល់នៅការបើកបរកាន់តែប្រសើរឡើង នេះបើយោងតាមក្រុមហ៊ុន Ford ។ លើសពីនេះ អតិថិជនក៏អាចជ្រើសរើសប្រវែងគន្លាតកង់មុខក្រោយវែងជាស្ដង់ដារផងដែរ។
ចំពោះនៅខាងក្នុង Tourneos មានការរចនាប្រកបដោយផាសុកភាពជាមួយកៅអី ៣ ជួរសម្រាប់អ្នកមនុស្ស ៨ នាក់ ដល់ ៩ នាក់។ ក្នុងនោះ កៅអីជួរទី ២ និងទី ៣ អាចបញ្ជាបានតាមតម្រូវការរបស់អ្នកដំណើរ។ បន្ថែមពីនេះ បានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Sync 4 ជាមួយនឹងលក្ខណៈពិសេសដែលមានដូចជាដំបូលកញ្ចក់បែប Panoramic និងឧបករណ៍បំពងសំឡេងម៉ាក B&O ចំនួន ១៤ ចំនុចជាដើម។
រថយន្តអគ្គិសនី Ford Tourneo ស៊េរីថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះផ្គបដោយអាគុយទំហំ ៧៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មានមុខងារសាកថ្មល្បឿនលឿន DC ដោយសាកបាន ១៥% ដល់ ៨០% ប្រើពេល ៤១ នាទី។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបន្ថែមនៅជម្រើសប្រព័ន្ធ Plug-in Hybrid ទៀតផង។
អ្វីដែរកាន់តែពិសេសនោះ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់បច្ចេកវិទ្យា Pro Power Onboard មានថាមពល ២,៣ គីឡូវ៉ាត់ ដូចទៅនឹងភីកអាប់អគ្គិសនី Ford F-150 Lightning ដែលមានថាមពលដល់ទៅ ៩,៦ គីឡូវ៉ាត់ ។ លើសពីនេះ មានសមត្ថិភាពអូសសណ្តោងបានរហូតដល់ ២ ០០០ គីឡូក្រាម៕