Ford បញ្ចេញ Ranger ស៊េរីថ្មី ដែលចង់ក្លាយខ្លួនដូចរថយន្ត Ranger Raptor

(ទីផ្សារបរទេស) Ford បានបង្ហាញចេញនូវរថយន្តភីកអាប់ Ranger MS-RT ដែលជាការសហការគ្នាជាមួយអ្នកជំនាញរចនា MS-RT ដែលមានចំនួនកំណត់។ សម្រាប់ Ranger MS-RT បានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ Bi-Turbo កម្លាំង ២១០សេះ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ។

រថយន្ត Ranger MS-RT មានលក្ខណ:ដូច Ranger Raptorដែរ គឺបានបំពាក់ជាមួយគ្រឿងបរិក្ខាមកស្តង់ដារ។ ដោយផ្នែកខាងក្រៅនៃរថយន្ត បានបំពាក់ជាមួយ ប៉ាណាប្រភេទកាបូន ដែលផលិតដោយដៃ, អំពូលកាត់អ័ព្ទ, ថាសកង់ OZ Racing ទំហំ ២០អ៊ីញ និងស៊ុមកញ្ចក់ជំហៀង ប្រភេទ​កាបូន។ រីឯខាងក្នុងបំពាក់ជាមួយ កៅអីប្រភេទស្បែក, អំពូលបំភ្លឺ Ambient, ប្រព័ន្ធកម្សាន្ត SYNC3 ទំហំ ៨អ៊ីញ និងឈ្នាន់ដែលមានអក្សរ MS-RT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ranger MS-RT អាចផ្ទុកឥវ៉ាន់បានរហូតដល់ទំងន់ ១ ០៩៨គីឡូក្រាម និងអូសសន្តោងបានរហូតដល់ទម្ងន់ ៣ ៥០០គីឡូក្រាម។

លោក Brendan Lyne ប្រធានផ្នែកពាណិជ្ជកម្មយានយន្តនៃក្រុមហ៊ុន Ford នៅអឺរ៉ុបបានមានប្រសាសន៍ថា“ Ranger MS-RT ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលឲ្យតម្លៃទៅលើសមត្ថភាពធ្វើការរបស់ Ranger ប៉ុន្តែចង់បាន ភាពផ្តាច់មុខនៃស៊េរី MS-RT របស់យើង” ។ រថយន្តដែលទាក់ទាញភ្នែកនេះរួមបញ្ចូលនូវភាពជោគជ័យជាច្រើនទសវត្សរបស់រថយន្ត Ford ភីកអាប់ជាមួយនឹងការរចនាម៉ូដដ៏ទាក់ទាញ ដើម្បីផ្តល់ជូនរថយន្តដឹកទំនិញដែលមិនផ្តោតលើផ្លូវ នឹងសមត្ថភាព”។

រថយន្ត Ranger MS-RT នឹងចេញលក់នៅលើទីផ្សារអឺរ៉ុប នាខែមេសា(រដូវក្តៅ) ២០២១ ជាមួយតួរខ្លួន ២ប្រភេទ Super Cab និងDouble Cab៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម