ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួនកំពុងស្ថិតនៅលើដំណើរឆ្ពោះទៅកាន់សែស្រឡាយរថយន្តដែលមានពោរពេញទៅដោយរថយន្តអគ្គិសនីសុទ្ធ។
ក្រោយការប្រកាសចេញរថយន្ត F-150 Lightning ប្រធានក្រុមហ៊ុន Ford ប្រចាំសហរដ្ឋអាមេរិកបានបញ្ជាក់អំពីផែនការដូចនេះថា ៖ “ខ្ញុំអាចមើលឃើញដល់ចំណុចមួួយដែលពួកយើងអាចនិយាយថា «នេះជាកាលបរិច្ឆេទដែលពួកយើងនឹងក្លាយខ្លួនជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ»។ យើងកំពុងស្ថិតនៅលើវិថីឆ្ពោះទៅរកវាហើយ។”
ខណៈដែល Ford បានបញ្ជាក់អំពីផែនការអនាគតដោយមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ ក្រុមហ៊ុន General Motors ដែលជាគូប្រជែងឯណោះបានប្រកាសក្ដែងៗហើយថាពួកគេនឹងវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣៥។
គេអាចយល់បានថាផែនការអនាគតរបស់ Ford នឹងផ្អែកធំទៅលើការទទួលយករបស់អតិថិជនសម្រាប់រថយន្ត F-150 Lightning។ សារព័ត៌មាន Auto News បានសង្កត់ធ្ងន់ថាជាមួយរថយន្ត F-150 Lightning, Mustang Mach-E និង E-Transit នឹងអាចឲ្យ Ford សង្ឃឹមថាវានឹងជួយឲ្យការប្រើប្រាស់រថយន្តអគ្គិសនីមានកាន់តែទូលំទូលាយ៕