Ford បញ្ជាក់ពីការពិឃាតឡាន Fiesta នៅឆ្នាំ២០២៣ ហើយឡាន Puma អគ្គិសនីសុទ្ធនឹងចូលមកជំនួស

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford បានចេញផ្សាយវីដេអូពោរពេញដោយមនោសញ្ចេតនាមួយនិយាយលាគ្នាទៅកាន់រថយន្តម៉ូដែល Fiesta ជារថយន្តដ៏ពេញនិយមមួយ។

ជាការបញ្ជាក់ពីការរាយការណ៍កន្លងមក Ford បានប្រកាសថាចុងបញ្ចប់នៃរថយន្ត Fiesta នឹងកើតមានឡើងនៅខែមិថុនា ឆ្នាំ២០២៣ រយៈពេល៦ឆ្នាំក្រោយការប្រកាសចេញ Ford Fiesta ជំនាន់បច្ចុប្បន្ន និងរយៈពេលតិចជាង២ឆ្នាំក្រោយការបញ្ចេញប្រភេទ Facelift ថ្មី។ Ford Fiesta នឹងត្រូវជំនួសដោយមិនប្រយោលដោយរថយន្ត Puma SUV ប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Fiesta បានក្លាយជាសមាជិករថយន្តរបស់ Ford តាំងពីឆ្នាំ១៩៧៦ និងជារថយន្តដែលមានអាយុកាលចាស់ជាងគេលំដាប់ទីពីរ បន្ទាប់ពីរថយន្ត Transit។ គិតត្រឹមបច្ចុប្បន្ននេះ គេបានឃើញរថយន្ត Fiesta ផ្លាស់ប្ដូររូបរាងចំនួន៨ជំនាន់ ជាមួយចំនួនលក់សរុបជាង ១៨លានគ្រឿងទូទាំងពិភពលោក។

រថយន្ត Fiesta ចុងក្រោយនឹងរំកិលខ្លួនចេញរោងចក្រនៅត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈដែលការកុម្ម៉ង់ទិញនៅតែបន្តបើកទទួលលុះត្រាតែរថយន្តលក់ដាច់អស់។

គួរដឹងថាវីដេអូលាគ្នា​បានបញ្ចប់ជាមួយដំណឹងល្អមួយ ដោយ Ford បានឲ្យតម្រុយពីរថយន្ត Puma ប្រភេទអគ្គិសនីសុទ្ធ។ រថយន្ត Ford Puma EV ត្រូវបានឲ្យតម្រុយនិងបញ្ជាក់រួចមកហើយ ដោយវានឹងចាប់ផ្ដើមផលិតនៅឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម