[ទីផ្សារបរទេស] បន្ទាប់ពីប្រទេសរុស្សីបានចូលឈ្លានពាន និងវាយប្រហារទៅលើប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាង ១ សប្តាហ៍យើងសង្តេតឃើញថាក្រុមហ៊ុនផលិតរថយន្តមួយចំនួន ដូចជាក្រុមហ៊ុន Volkswagen, Mercedes-Benz, Jaguar Land Rover, Volvo និងជាច្រើនទៀត បានផ្អាកការនាំចូលរថយន្តទៅកាន់ប្រទេសនេះ។ ហើយឥទ្បូវនេះក្រុមហ៊ុន Ford បានប្រកាសថាខ្លួននឹងផ្អាកការនាំចូលរថយន្តខ្លួននៅក្នុងប្រទេសរុស្ស៊ីផងដែរ។
យោងតាមការ Tweet របស់លោក Jim Farley នាយកប្រតិបតិ្តក្រុមហ៊ុន Ford បាននិយាយថា៖ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការឈ្លានពាន ពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ បន្ថែមពីលោក Jim Farley បានបន្តទៀតថាក្រុមហ៊ុន Ford នឹងបរិច្ចាគថវិកាជូន ១០ ម៉ឺនដុល្លារ ដល់ដល់មូលនិធិសង្គ្រោះអ៊ុយក្រែន Global Giving ។ ហើយការបរិច្ចាកនេះគឺនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយមនុស្សធម៌ និងជំនួយដល់ជនភៀសខ្លួនដល់ជនជាតិអ៊ុយក្រែន និងគ្រួសារដែលរងផលប៉ះពាល់លើបញ្ហានេះ។
សម្រាប់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Ford និងក្រុមហ៊ុនរុស្ស៊ី Sollers បានឃើញការផលិតជាច្រើនប្រភេទកើតឡើង។ ហើយគម្រោងដែលបានចាប់ផ្តើមដោយការនាំយកការផលិតខ្សែ Focus និង Mondeo ទៅកាន់ដីរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការយឺតយ៉ាវ។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Ford បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃ JV ដែលនឹងបញ្ចប់ការផលិតរថយន្តដឹកអ្នកដំណើរ។
សូមបញ្ជាក់ថាមូលនិធិ Global Giving Ukraine Relief Fund បានប្រមូលថវិកាចំនួន ៣,១ លានដុល្លារក្នុងការបរិច្ចាគគិតត្រឹមពេលនេះ។ ហើយការមូលនិធិ Ford និង Global Giving បានសហការគ្នាលើគម្រោងសប្បុរសធម៌ផ្សេងទៀតកាលពីប៉ុន្មានឆ្នាំមុនផងដែរ៕