Ford ផ្អាកការបញ្ជាទិញ Mustang Mach-E បណ្តោះអាសន្ត ដោយសារតម្រូវការលើសពីការរំពឹងទុក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញរថយន្ត Ford Mustang Mach-E នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ ឆ្នាំ ២០២០ ហើយបានក្លាយជារថយន្តប្រភេទ SUV អគ្គិសនីដ៏ពេញនិយមតាមរយៈ Mustang DNA និងបច្ចុប្បន្នគឺជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតទី ២ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

នៅដើមខែមីនា ក្រុមហ៊ុន Ford បាន​ឈប់ទទួលការបញ្ជាទិញរថយន្ត Mustang Mach-E ដ៏ពេញនិយមចំនួនពីរគឺ Premium និង California Route 1 ដោយក្រុមហ៊ុន Ford បានបញ្ជាក់ទៅកាន់គេហទំព័រ Green Car Reports ថា វាគ្រាន់តែជាបញ្ហានៃការផ្គត់ផ្គង់ និងតម្រូវការដែលខ្វះខាតប៉ុណ្ណោះ។ បណ្តាលឱ្យមានតម្រូវការផ្អាកការកក់ទុកជាបណ្តោះអាសន្ន ដោយសារតម្រូវការលើសពីការរំពឹងទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ អ្នក​នាំពាក្យ​ក្រុមហ៊ុន Ford លោក Emma Bergg បាន​និយាយ​ថា​៖ ​ជាមួយ​នឹង​តម្រូវការ​មិន​ធ្លាប់​មាន​ពី​មុន​សម្រាប់​ម៉ូដែល​ទាំងនេះ​ យើងកំពុងពន្លឿនការផលិតរថយន្តដែលបញ្ជាទិញចាស់សម្រាប់ម៉ូដែល Premium និង California Route 1។ ខណៈបច្ចុប្បន្នការបញ្ជាទិញថ្មី ត្រូវរងចាំរហូតដល់ ២០ សប្តាហ៍នៅលើម៉ូដែល Select និងលើសពី ២៨ សប្តាហ៍នៅលើ GT អតិថិជននឹងត្រូវរងចាំរហូតដល់ឆ្នាំ ២០២៣។

គួរឲ្យដឹងថា ទាំងអស់នេះ បានបង្ហាញពីភាពពេញនិយមរបស់រថយន្ត Mustang Mach-E ហើយ Ford គ្រោងនឹងបង្កើនសមត្ថភាពផលិត Mach-E របស់ខ្លួនបីដងនៅក្នុងរោងចក្រ Cuautitlan ប្រទេសម៉ិកស៊ិកកូ និងមានគោលបំណងបង្កើនផលិតកម្មដល់ជាង ២០០,០០០ គ្រឿងក្នុងមួយឆ្នាំនៅអាមេរិកខាងជើង និងអឺរ៉ុបនៅឆ្នាំ ២០២៣។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford ត្រូវបានគេរាយការណ៍ថាបានជ្រើសរើសបន្ថយការផលិតរថយន្ត Explorer និង Aviator SUV ជំនាន់ក្រោយ ដើម្បីបើកផ្លូវឲ្យរថយន្ត Mustang Mach-E ផលិតបានលឿនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម