Ford Bronco បាន និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។
សូមបញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ ទទួលបានការកក់តាមរយៈអនឡាញ ច្រើនជាង ១២៥ ០០០គ្រឿងទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការពន្យាពេលផលិត ដែលបង្កមកពីជំងឺកូវីដ១៩ និងបន្តពន្យាពេលជាច្រើនដងទៀត ដោយសារតែបញ្ហាមួយចំនួន ឥឡូវនេះក្រុមហ៊ុន Ford បានសម្រេចចិត្តផ្អាកទទួលការកក់តាមរយៈអនឡាញបាត់ទៅហើយ។
តាមរយៈក្រុមហ៊ុន Ford បានឲ្យដឹងថា ពួកគេសម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែចំនួនកក់លើរថយន្ត Bronco ទាំងម៉ូដែលទ្វារ២ និង ទ្វារ៤ មានច្រើនលើសលប់ពេក។
យ៉ាងណាមិញ រថយន្ត Ford Bronco ដែលបានកក់ហើយ អាចនឹងមកដល់នៅឆ្នាំក្រោយ។ គួរឲ្យដឹងថា រថយន្ត SUV ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និងអាចឡើងរហូតដល់ ៦៣ ៩៩៥ដុល្លារ អាស្រ័យលើ Option៕