Ford Ranger ត្រូវបានដាក់លក់សារជាថ្មីនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៩ ប៉ុន្តែអតិថិជនខកចិត្តបន្តិចត្រង់ថាគ្មានប្រភេទ Ranger Raptor។
គួរដឹងថា Ranger Raptor នេះមានលក់តែនៅទីផ្សារក្រៅសហរដ្ឋអាមេរិកដូចជាថៃ និងអូស្ត្រាលី ដែលវាមានបំពាក់ម៉ាស៊ីនម៉ាស៊ូត Twin-Turbo ៤ ស៊ីឡាំង កម្លាំង ២១០ សេះ។ ដោយសារម៉ាស៊ីននេះមិនត្រូវនឹងស្តង់ដារឧស្ម័ននៅអាមេរិកខាងជើង ទើបរថយន្តនេះមិនមានលក់នៅសហរដ្ឋអាមេរិក។
បើតាមសារព័ត៌មានអូស្ត្រាលី Which Car បានឲ្យដឹងថ្មីៗនេះថា Ford កំពុងត្រៀមរៀបចំ Ranger Raptor ដែលដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៥,០ លីត្រ របស់រថយន្ត Mustang GT។ របាយការណ៍បានអះអាងទៀតថាគម្រោងការនេះកំពុងចាត់ចែងដោយក្រុមវិស្វករ Ford Australia។ គេមិនទាន់បញ្ជាក់បាននៅឡើយទេថាគម្រោងការនេះនឹងធ្វើឡើងសម្រាប់រថយន្តលក់នៅអូស្រ្តាលីឬយ៉ាងណានោះ។ វាអាចជាដំណឹងល្អមួយសម្រាប់អតិថិជននៅអាមេរិក ដោយសារម៉ាស៊ីន V8 របស់ Mustang គឺអាចប្រើប្រាស់នៅអាមេរិកបាន។ មានន័យថាបើសិនមាន Ranger Raptor ប្រើម៉ាស៊ីន V8 នោះអាចនឹងមានឈ្មួញនាំរថយន្តពីអូស្ត្រាលីទៅលក់នៅអាមេរិកក៏ថាបាន៕