Ford មិនចែកឡាន Ranger Raptor ឲ្យទៅ Volkswagen ឡើយ

[ទីផ្សារបរទេស] វាមិនមែនជាអាថ៌កំបាំងនោះទេដែល Ford និង Volkswagen បានសហការគ្នាក្នុងការអភិវឌ្ឍន៍រថយន្តភីកអាប់ជំនាន់ថ្មី ដូចជារថយន្ត Ranger ជំនាន់ថ្មី និងរថយន្ត Amarok ជំនាន់ថ្មីដែលមានប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាជាដើម។

យ៉ាងណាក្ដី បើងាកទៅមើលរថយន្ត Ranger Raptor វិញ Ford ហាក់មិនមានបំណងសហការផលិត ឬចែករំលែកគ្រោងឆ្អឹងរថយន្តនេះទៅឲ្យក្រុមហ៊ុន Volkswagen ប្រើប្រាស់នោះឡើយ។ ជាក់ស្ដែង អ្នកចាត់ការផ្នែកកម្មវិធីសម្រាប់ផ្នែក Icons and Ford Performance ឈ្មោះថា Ali Jammoul បាននិយាយថាជាមួយសារព័ត៌មាន Cars Guide  និងបានបញ្ជាក់ថា Ford មិនមានបំណងចែករំលែក Raptor ជាមួយ Volkswagen ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កន្លងមក មានដំណឹងចចាមអារ៉ាមថា Volkswagen បានទាក់ទង Ford ក្នុងការបង្កើតរថយន្ត Amarok ប្រភេទមហាកម្លាំង ដូចជារថយន្ត Ranger Raptor ប៉ុន្តែពេលនេះមានការបញ្ជាក់ច្បាស់ហើយថាក្រុមហ៊ុនទាំងពីរនឹងមិនសហការគ្នាលើការងារនេះឡើយ។ ប៉ុន្តែក៏មានដំណឹងមកថា Volkswagen បានសហការជាមួយក្រុមហ៊ុនផ្សេងដើម្បីផលិតរថយន្ត Amarok មហាកម្លាំង ដោយសហការជាមួយក្រុមហ៊ុន Walkinshaw ឯណោះ។

ប្រសិនដំណឹងទាក់ទងនឹងក្រុមហ៊ុន Walkinshaw ជាការពិត VW អាចនឹងប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ប្រភេទម៉ាស៊ូតដដែល ប៉ុន្តែទំនងជាបង្កើតកម្លាំងសេះឲ្យខ្លាំងជាងមុន ព្រោះថាកម្លាំងត្រឹម ២៦៨សេះ គឺមិនទាន់គ្រប់គ្រាន់ឡើយ។ រថយន្តម៉ាស៊ីនធំជាងគេដែល VW មានលក់នៅអាមេរិក គឺរថយន្ត Atlas ដែលប្រើម៉ាស៊ីន ៣,៦លីត្រ ៦ស៊ីលាំង និងផលិតកម្លាំងបាន ២៧៦សេះ។

យ៉ាងណាក្ដី VW មានសិទ្ធប្រើប្រាស់ម៉ាស៊ីនច្រើនប្រភេទនៅក្នុងសម្ព័ន្ធក្រុមហ៊ុម VW Group ហើយម៉ាស៊ីនប្រភេទ Turbocharged បំពាក់លើរថយន្ត Amarok មហាកម្លាំង នឹងអាចឲ្យរថយន្តនេះប្រជែងនឹង Ranger Raptor បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម