[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានលក់រថយន្តប្រភេទកូនកាត់ Hybrid បានចំនួនសរុប ១៧ ៩៩៧ គ្រឿងនៅក្នុងខែមេសា ឆ្នាំ ២០២៤ ជាចំនួនកើនឡើងដល់ទៅ ៥៩,៥% បើធៀបនឹងឆ្នាំមុន នឹងជាកំណត់ត្រាប្រចាំខែថ្មីរបស់ក្រុមហ៊ុនផងដែរ ។
ក្នុងនោះ ភីកអាប់ខ្នាតធំ F-150 PowerBoost Hybrid ដែលបានបង្កើតកំណត់ត្រាប្រចាំខែថ្មីនៅក្នុងខែមេសា បានកើនឡើង ៩៣,៦% ហើយបានក្លាយជាភីកអាប់ខ្នាតធំប្រើ hybrid ដែលលក់ដាច់បំផុតនៅអាមេរិក។ លើសពីនេះ ភីកអាប់ Ford Maverick គឺជារថយន្តភីកអាប់កូនកាត់ដែលលក់ដាច់បំផុតនៅអាមេរិក ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានលក់ ចំនួនដល់ទៅ ២៦ ០៦១ គ្រឿង ។
ដោយឡែកការលក់រថយន្តដើរដោយថាមពលចំហេះក្នុងបានធ្លាក់ចុះ ដូចជាលក់រថយន្ត Bronco Sport បានធ្លាក់ចុះ ៣៣,៤%, Ford Escape បានធ្លាក់ចុះ ២៨% ហើយការលក់រថយន្ត Mustang បានធ្លាក់ចុះ ៩,៤% ប៉ុន្តែការលក់រថយន្តអគ្គិសនីសុទ្ធ បានកើនឡើង ១២៩,២% ធៀបនឹងឆ្នាំមុន រួមទាំងការលក់រថយន្ត Mustang Mach-E បានកើនឡើង ២០៤,៧% ៕