
ក្រុមហ៊ុន Ford បានប្រកាសនូវការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់សម្រាប់រថយន្ដ Explorer EV របស់ខ្លួន។ ចំពោះប្រភេទ Standard Range ទទួលបានការដំឡើងសមត្ថភាពម៉ូទ័រឲ្យកាន់តែខ្លាំងជាមុន និងបំពាក់អាគុយថ្មីប្រភេទ LFP។ ចំណែកឯផ្នែកប្រភេទ SUV វិញ ទទួលបានការបង្កើនបច្ចេកវិទ្យាទំនើបជាងមុន រួមជាមួយការចេញលក់នូវម៉ូឌែលពិសេស (Special Edition) ថ្មីផងដែរ។

ក្រឡេកទៅមើលរថយន្ត Ford Explorer EV ដាក់លក់នៅទីផ្សារអឺរ៉ុប ហាក់មិនទាន់ទទួលបានជោគជ័យដូចការរំពឹងទុកនៅឡើយទេ ប៉ុន្តែរថយន្ដនេះត្រូវបានកែលម្អឲ្យកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់ ខណៈក្រុមហ៊ុនទើបតែបានប្រកាសពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធថាមពលនិងម៉ូឌែលពិសេសថ្មី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកមួយនេះក៏បានពង្រឹងប្រព័ន្ធកម្សាន្ត (Infotainment system) និងបន្ថែមនូវប្រព័ន្ធជំនួយការបើកបរថ្មីៗជាច្រើនទៀតផងដែរ។
ចាប់ផ្ដើមដំបូងនិយាយពីការអាប់ដេតលើកម្រិតសមត្ថភាព ដោយរថយន្ត Explorer ប្រភេទ Standard Range បានប្តូរមកប្រើប្រាស់អាគុយប្រភេទថ្មី លីចូមដែកផូស្វាត (LFP) និងម៉ូទ័រអគ្គិសនីដែលត្រូវបានពង្រឹង ឲ្យកាន់តែខ្លាំង អាចផលិតកម្លាំងបាន ១៨៨ សេះ (១៤០ គីឡូវ៉ាត់) និងកម្លាំងរមួល ៣៥០ ញូតុនម៉ែត្រ។ តាមរយៈការផ្លាស់ប្តូរទាំងនេះ រថយន្ដនេះអាចផ្ដល់ចម្ងាយបើកបរបានដល់ទៅ ៤៤៤ គីឡូម៉ែត្រគិតតាមស្តង់ដារ វាស់ចម្ងាយ WLTP ខណៈរយៈចម្ងាយបើកមានការកើនឡើងជាង ៦០ គីឡូម៉ែត្រ បើធៀបនិងម៉ូឌែលចាស់។

សម្រាប់ម៉ូទ័រអគ្គិសនីវិញ កម្លាំងដែលបញ្ចេញមានការកើនឡើង ២០ សេះ (១៥ គីឡូវ៉ាត់) និងកម្លាំងរមួលកើនឡើង ៤០ ញូតុនម៉ែត្រ។ ការកែលម្អនេះ បានធ្វើឲ្យកម្លាំងស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ថយចុះពី ៨.៧ វិនាទី មកនៅត្រឹមតែ ៨.០ វិនាទី ប៉ុណ្ណោះ។ ក្រៅពីការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកម្រិតសមត្ថភាពនៃការបើកបរ រថយន្ត Explorer EV ក៏ទទួលបានការកែលម្អលើប្រព័ន្ធគ្រប់គ្រងល្បឿនវៃឆ្លាត (Intelligent Adaptive Cruise Control) ជាមួយមុខងារសម្គាល់សញ្ញាភ្លើងចរាចរណ៍។ វាអាចជួយបង្អង់ល្បឿន ឬបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ប្រសិនបើវាចាប់បានសញ្ញាភ្លើងពណ៌ក្រហម ឬពណ៌លឿងនៅខាងមុខ។
បន្ថែមពីម៉ូឌែលថ្មីក៏ទទួលបានការបំពាក់បច្ចេកវិទ្យាជំនួយការថយក្រោយកាត់ដានកង់ចាស់ (Reversing Assist) ដែលអាចកត់ត្រានូវរាល់សកម្មភាពបើកបរក្នុងចម្ងាយ ៥០ ម៉ែត្រ ចុងក្រោយរបស់រថយន្ត ហើយអាចបញ្ជាចង្កូតថយក្រោយតាមគន្លងដដែលនោះដោយស្វ័យប្រវត្តិ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងសម្រាប់ជួយក្នុងការថយចេញពីទីតាំងតូចចង្អៀត ដូចជាផ្លូវឌឿងហែមជាដើម ដោយអ្នកបើកបរគ្រាន់តែគ្រប់គ្រងឈ្នាន់ហ្គែរ និងហ្វ្រាំងប៉ុណ្ណោះ។

ទន្ទឹមគ្នា Ford ក៏បានបន្ថែមមកជាប្រព័ន្ធជំនួយការចតរថយន្ត (Trained Park Assist) ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តកំណត់កម្មវិធីចតរថយន្តទុកជាមុនក្នុងចម្ងាយរហូតដល់ ៥០ ម៉ែត្រ។ នៅពេលដែលប្រព័ន្ធនេះចងចាំផ្លូវរួចរាល់ រថយន្តអាចធ្វើការចតដោយស្វ័យប្រវត្តិ ដោយវានឹងគ្រប់គ្រងទាំងការបង្កើនល្បឿន ការចាប់ហ្វ្រាំង និងការបញ្ជាចង្កូតដោយខ្លួនឯង។
រថយន្តអគ្គិសនីម៉ូឌែលថ្មីកាន់តែពិសេស ដោយបំពាក់ជាមួយប្រព័ន្ធតាមដានសកម្មភាពអ្នកបើកបរ ដែលហៅថា Driver State Assist។ ប្រសិនបើអ្នកបើកបរលែងមានការឆ្លើយតប (ដូចជាមានបញ្ហាសុខភាព ឬងងុយដេកខ្លាំង) រថយន្ត Explorer នេះ អាចបើកភ្លើងសញ្ញាអាសន្ន ដោយស្វ័យប្រវត្តិ រួចបង្អង់ល្បឿនរហូតដល់ឈប់ដោយសុវត្ថិភាព បើកសោទ្វារ និងទូរសព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ភ្លាមៗ។

និយាយអំពីបច្ចេកវិទ្យា ប្រព័ន្ធកម្សាន្តអេក្រង់ទំហំ ១៤.៦ អុីញ ឥឡូវនេះត្រូវបានដំណើរការដោយប្រព័ន្ធ Android ដើម្បីឲ្យការប្រើប្រាស់កាន់តែ “រលូន”។ លើសពីនេះទៅទៀត បច្ចេកវិទ្យា Pro Power Onboard បានប្រែក្លាយរថយន្ត Explorer EV ឲ្យទៅជាដុំអាគុយខ្នាតយក្ស។ រន្ធដោតចរន្តអគ្គិសនីត្រូវបានបំពាក់នៅក្នុងឃ្លាំងផ្ទុកអីវ៉ាន់ខាងក្រោយ ហើយវាក៏អាចប្រើជាមួយអាដាប់ទ័រ (Adapter) បន្ថែមដែលដោតទៅនឹងរន្ធសាកថ្មរបស់រថយន្តផងដែរ។ រន្ធទាំងនេះអនុញ្ញាតឲ្យម្ចាស់រថយន្តទាញយកថាមពលអគ្គិសនីក្នុងកម្លាំង ២.៣ គីឡូវ៉ាត់ (kW) ដើម្បីប្រើប្រាស់ជាមួយឧបករណ៍ផ្សេងៗដូចជា កុំព្យូទ័រយួរដៃ (Laptop), គ្រឿងបំភ្លឺ ឬឧបករណ៍ជាងប្រើអគ្គិសនីផ្សេងៗ៕




















