Ford ហ៊ានឲ្យលុយ ១០០០ដុល្លារ ដល់អតិថិជនដែលសុខចិត្តរង់ចាំឡានថ្មីចូលស្តុក

ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិកបានផ្ដល់ជូនទឹកប្រាក់លើកទឹកចិត្ត ១០០០ដុល្លារ ដល់អតិថិជនណាដែលរង់ចាំរថយន្តថ្មី ខណៈពេលដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតរថយន្តនៅក្នុងស្តុក។

កម្មវិធីផ្ដល់ជូននេះមានឈ្មោះថា “Retail Order Bonus Cash Certificate” ដែលមានអនុវត្តន៍លើការកុម្ម៉ង់រថយន្តថ្មីស្ទើរគ្រប់ម៉ូដែល និងមានសុពលភាពដល់រហូតដល់ថ្ងៃទី៦ ខែកក្កដា។ រថយន្តពេញនិយមដូចជា F-150 និង Bronco Sport អាចទទួលបានប្រាក់លើកទឹកចិត្តនេះ ប៉ុន្តែរថយន្ត Mustang Mach-E និង Bronco ធម្មតា មិនទទួលបានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងលិខិតដែល Ford បានផ្ញើជូនតំណាងចែកចាយរបស់ខ្លួន បានបង្ហាញថាក្រុមហ៊ុននេះបានដំឡើងប្រាក់លើកទឹកចិត្តដល់ ១០០០ដុល្លារ សម្រាប់រថយន្តដែលមិនទាន់មានស្តុកដោយសារវិបត្តិខ្វះខាតគ្រឿងផលិត។ ក្រុមហ៊ុននេះក៏ផ្ដល់ជូនប្រាក់សុទ្ធ ២៥០ដុល្លារ ដល់តំណាងចែកចាយ ដែលទទួលបានការកុម្ម៉ង់រថយន្តថ្មីៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម