Ford Bronco សេរ៊ីឆ្នាំ ២០២១ នឹងមានកម្លាំងលើសពី ៣១០សេះ

រថយន្ត Ford Bronco សេរ៊ីថ្មីឆ្នាំ ២០២១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ផ្ទះអតិថិជនដែលបានកក់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីត្រូវចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែត្រឡប់មកវិញវានឹងធ្វើដំណើរជាមួយកម្លាំងម៉ាស៊ីនច្រើនជាងមុន។

តាមការចុះផ្សាយរបស់គេហទំព័រ Bronco6g កាលពីពេលកន្លងទៅបានបង្ហាញថាក្រុមហ៊ុន Ford នឹងផ្តល់នូវជម្រើសម៉ាស៊ីនរបស់រថយន្ត Ford Bronco សេរ៊ីថ្មីឆ្នាំ ២០២១នេះចំនួន២ ជម្រើសគឺ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ និងជម្រើស ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៤២ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ុន្តែនាពេលថ្មីៗនេះ តាមរយ:ការចុះផ្សាយរបស់ក្រុមហ៊ុន Ford បានបង្ហាញអំពីព័ត៌មានលម្អិតនៃម៉ាស៊ីនរថយន្ត Broncoនេះជាមួយថាមពលកម្លាំងថ្មី ដែលរួមមាន៖

  • ម៉ាស៊ីនចំណុះ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងស៊ុបពែ(Premium Fuel) និងមានកម្លាំង ២៧៥សេះ កម្លាំងរមួល ៤២៧ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងលាយធម្មតា (Regular Fuel ឬសាំងកម្រិត Octane ៨៧) ។

  • ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣០សេះ កម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងស៊ុបពែ(Premium Fuel) និងមានកម្លាំង ៣១៥សេះ កម្លាំងរមួល ៥៥៥ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងលាយធម្មតា (Regular Fuel ឬសាំងកម្រិត Octane ៨៧) ។

កាលពីចុងសប្តាហ៍មុនវាត្រូវបានគេបង្ហាញថាបានកង្វះខាតបន្ទះឈីប(Semiconductor Shortage) ដែលបានជំរុញឱ្យក្រុមហ៊ុន Ford បន្តផ្អាកការផលិតនៅរោងចក្រ Michigan របស់ខ្លួនដែលជាកន្លែងដែល Bronco នឹងត្រូវផលិតនៅដើមសប្តាហ៍នៃថ្ងៃទី ១៧ និងថ្ងៃទី ២៤ ឧសភានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម