នាពេលថ្មីៗនេះ Ford បានបង្ហាញរថយន្ត SUV កៅអី ៣ ជួរ ម៉ូដែល Explorer ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយទទួលបានការរចនាឡើងវិញ ជាពិសេសផ្នែកខាងមុខ ដូចជា ប៉ាណា, រន្ធបឺតខ្យល់ និង ចង្កៀង ផងដែរ ខណៈផ្នែកខាងក្រោយស្រដៀងទៅនឹងស៊េរីមុន។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ផ្នែកខាងក្នុង ដែលទទួលបានការរចនាឡើងវិញទាំងស្រុង ហើយបំពាក់គ្រឿងបរិក្ខាមានគុណភាពល្អជាងមុន ព្រមទាំងរចនា និងរៀបចំបានយ៉ាងល្អបំផុត។
Ford Explorer ប្រភេទ Base Model នឹងបំពាក់មុខងារ Dual-Zone Automatic Climate Control System, ប្រព័ន្ធ 4G LTE Wi-Fi Hotspot និង កៅអីអង្គុយជួរទី ២ អាចកាត់ទៅមុខ-ក្រោយ ហើយបត់បានផងដែរ។ រឹតតែពិសេស គឺ អេក្រង់ទំហំ ៨ អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC 3 ជាមួយមុខងារ Apple CarPlay និង Android Auto ទៀតផង។ ក្រៅពីប្រភេទ Base Model រថយន្ត SUV Ford Explorer នេះក៏មានប្រភេទ XLT, Limited និង Platinum ដោយបំពាក់មកជាមួយនូវលក្ខណៈពិសេសកាន់តែសម្បូរបែប។
ចំណែកឯម៉ាស៊ីនវិញក៏ខុសគ្នាទៅតាមប្រភេទនិមួយៗដែរ ដូចជា ប្រភេទ Base Model ប្រើម៉ាស៊ីនសាំងចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង កម្លាំង ៣០០ សេះ ប្រើប្រអប់លេខថ្មី ១០ វគ្គ និង ប៉ុង ១ កាឡេក្រោយ (RWD)។ វាក៏មានជា Option ប៉ុង ២ វៃឆ្លាត 4WD ដែលមកជាមួយនូវប្រព័ន្ធគ្រប់គ្រងស្ថានភាពផ្លូវ Terrain Management System សរុបចំនួន ៧ ប្រភេទខុសៗគ្នា។
ក្រៅពីនេះគឺ ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ EcoBoost ទំហំ ៦ ស៊ីឡាំង កម្លាំង ៣៦៥ សេះ។ ដោយសារតែម៉ាស៊ីន និងគ្រោងឆ្អឹងដែលប្រើប្រព័ន្ធបើកបរប៉ុងក្រោយថ្មី រថយន្ត Ford Explorer ស៊េរីឆ្នាំ ២០២០ អាចអូសសណ្តោងរហូតដល់ទៅទម្ងន់ ២ ៥៤០ គីឡូក្រាមឯណោះ។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាបានបំពាក់ប្រព័ន្ធ Co-Pilot360 មកស្តង់ដារតែម្តង ដោយក្នុងនោះរួមមានមុខងារ Pre-collision Assist System with Pedestrian Detection, Forward Collision Warning, Automatic Emergency Braking, Lane-Keeping Assist, កាមេរ៉ាក្រោយ, ចង្កៀងអូតូ និង Blind Spot Information System with Cross-Traffic Alert ផងដែរ។
Ford Explorer Platinum មានបំពាក់ប្រព័ន្ធ Active Park Assist 2.0 System ដែលអនុញ្ញាតឲ្យរថយន្តចូលចតស្វ័យប្រវត្តិ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ ហើយអ្នកបើកបរមិនចាំបាច់កាន់ដៃចង្កូត, ដាក់លេខ, ជាន់ហ្គ៊ែរ ឬជាន់ហ្វ្រាំងឡើយ។ Ford Explorer ឆ្នាំ ២០២០ មានតម្លៃចាប់ពី ៣២ ៧៦៥ ដុល្លារនៅសហរដ្ឋអាមេរិក៕