Ford បានបង្ហាញថារថយន្តភីកអាប់អគ្គិសនីរបស់ខ្លួនមានសមត្ថភាពខ្លាំងយ៉ាងណា ដោយយកវាសណ្ដោងទូរថភ្លើងដឹកទំនិញចំនួន ១០ ដែលមានផ្ទុករថយន្ត Ford F-150 ធម្មតាចំនួន ៤២ គ្រឿង មានទម្ងន់សរុបជាង ៤៥៣ តោន។
តាមវីដេអូបង្ហាញថារថយន្ត Ford F-150 អគ្គិសនី ដែលជាប្រភេទផលិតផល Prototype (គំរូ) អាចសណ្ដោងទម្ងន់ ៤៥៣ តោនបាន និងអាចអូសបានចម្ងាយជាង ៣០០ ម៉ែត្រឯណោះ។ Ford មិនបានបញ្ជាក់ថារថយន្ត F-150 អគ្គិសនី ប្រភេទផលិតលក់ផ្លូវការ នឹងមានសមត្ថភាពសណ្ដោងខ្លាំងប៉ុណ្ណានោះទេ ប៉ុន្តែក្រុមហ៊ុននិយាយថារថយន្តដែលប្រើក្នុងវីដេអូ មានសមត្ថភាពលើសពីអ្វីដែលគ្រប់គ្នារំពឹងទុកចំពោះរថយន្តដែលលក់លើទីផ្សារ។
រថយន្ត F-150 ប្រភេទអគ្គិសនីនេះនឹងចេញលក់លើទីផ្សារនាពេលខាងមុខ ប៉ុន្តែរថយន្ត F-150 ម៉ាស៊ីន Hybrid នឹងបង្ហាញមុខមុន ដោយរំពឹងថាចេញជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខនេះ៕