Ford Mustang ស៊េរីឆ្នាំ២០២៤ ត្រៀមបង្ហាញខ្លួននៅខែកញ្ញាខាងមុខ

[ទីផ្សារបរទេស] កន្លងមកមានការចុះផ្សាយថារថយន្ត Ford Mustang ស៊េរីឆ្នាំ​២០២៤ អាច​នឹងបង្ហាញវត្តមាន​ក្នុង​ខែ​មេសា ឆ្នាំ​២០២៣ ប៉ុន្តែ​ប្រភពផ្ទៃក្នុងមួយបានប្រាប់ដល់ Automotive News ថារថយន្តដែលរចនារូបរាងថ្មីនេះ​នឹង​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី North American International Auto Show ក្នុងខែកញ្ញាខាងមុខ។

យ៉ាងណាក្ដី Ford មិនទាន់បានបញ្ជាក់អ្វីឡើយជុំវិញរថយន្ត Mustang ជំនាន់ថ្មី ដោយលោក Mike Levine អ្នក​ចាត់​ការ​ផ្នែក​ទំនាក់ទំនងផលិតផលរបស់ Ford នៅអាមេរិកខាងជើងធ្លាប់បាន​លើក​ឡើងថា ៖ “យើង​បាន​និយាយថារថយន្ត Mustang ជំនាន់​ថ្មី ដែលមានរចនារូបរាងថ្មីកំពុងតែស្ថិតក្រោមការអភិវឌ្ឍន៍ ហើយយើងនឹងចែករំលែក​ព័ត៌មានបន្ថែមឆាប់ៗ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុនការបង្ហាញវត្តមាន Ford អាចនឹងឲ្យតម្រុយខ្លះ​ក្នុងកម្មវិធី Woodward Dream Cruise បើ​មិន​ដូច្នោះទេ គេ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ជាថ្ងៃដែល​កម្មវិធី North American International Auto Show បើក​ដំណើរ​ការ​ជា​ផ្លូវការ។

ត្រឡប់ទៅរថយន្ត Ford Mustang វិបសាយ Automotive News បាន​រាយការណ៍ថាវា​នឹង​ចាប់​ផ្ដើម​ផលិត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២៣ ខណៈដែលការចុះផ្សាយកន្លងមកឲ្យដឹងថា Mustang ជំនាន់ថ្មីនឹងមាន​ម៉ាស៊ីន Turbocharged ៤ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំងបាន ៣២០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម