ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញនូវរថយន្ត Ford Mustang Shelby GT500 ឆ្នាំ២០២២ ជាផ្លូវការ រួមជាមួយការបន្ថែមម៉ូឌែលពិសេសថ្មី ដែល Ford ឲ្យឈ្មោះថា Mustang Shelby GT500 Heritage Edition និង Mustang Coastal Edition។
សម្រាប់រថយន្ត Ford Mustang Shelby GT500 ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥.២លីត្រ V8 ផលិតកម្លាំងបាន ៧៦០សេះ និងកម្លាំងបង្វិល ៨៤៧ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គអូតូ។ ក្នុងនោះផងដែរវាក៏បានភ្ជាប់មកជាមួយពណ៌តួរខ្លួនទឹកក្រូច ឬ Code Orange ដែលជាពណ៌ផ្តាច់មុខដែលមាននៅលើរថយន្ត GT, F-150 Raptor និង Bronco Raptorផងដែរ។
ចំណែក Heritage Edition ត្រូវបានទទួលគំនិតនៃការឌីស្សាញពីរថយន្ត GT500 ឆ្នាំ ១៩៦៤ ដែលវាភ្ជាប់មកជាមួយពណ៌ផ្តាច់មុខ Brittany Blue និងមានតែមស្ទីកគ័រចំនួនពីរប្រភេទ ដោយហៅថា Painted Over The Top និង Vinyl Over The Top។
រីឯ Coastal Edition នឹងភ្ជាប់មកជាមួយកញ្ចប់ពណ៌ផ្តាច់មុខ ៣ពណ៌គឺ Brittany Blue, Cyber Orange និង Rapid Red ដែលកញ្ចប់នោះមានតម្លៃ ១ ៩៩៥ដុល្លារ។ ហើយវាក៏នឹងបំពាក់មកជាមួយប៉ាណាពណ៌ខ្មៅ, កាងខ្យល់, តែមស្ទីកគ័រជំហៀង និងថាសកង់ពណ៌ខ្មៅទំហំ ១៩អ៊ីញ។
ក្រុមហ៊ុន Ford នឹងចាប់ផ្តើមទទួលការកុម្មង់រថយន្ត Mustang Shelby GT500 ឆ្នាំ២០២២ នាថ្ងៃទី១៥ ខែវិច្ឆិការនេះ ជាមួយតម្លៃចាប់ពី ៧២ ៩០០ដុល្លារ(មុនពេលគិតទៅលើតម្លៃនៃការដឹកជញ្ជូន ២ ១៤០ដុល្លារ និងពន្ធ Gas Guzzler តម្លៃ ២ ៦០០ដុល្លារ)។ ចំណែកម៉ូឌែលពិសេស Heritage Edition មានតម្លៃចាប់ពី ៧៦ ៨០០ដុល្លារ និង Coastal Edition មានតម្លៃចាប់ពី ៣៥ ៤១៥ដុល្លារ ៕