បើផ្អែកតាមវិបសាយ Ranger6G.com បានអះអាងថាប្រភពផ្ទៃក្នុងរបស់ Ford បានផ្ដល់ដំណឹងដល់វិបសាយនេះថារថយន្ត Ranger ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាលក្ខណៈសកលនៅក្នុងឆ្នាំ២០២៣ ដោយចេញលក់មុនគេនៅទីផ្សារប្រទេសអូស្ត្រាលី និងប្រទេសថៃ រួចទើបចេញលក់នៅសហរដ្ឋអាមេរិក។
ផ្ទៃក្នុងក្រុមហ៊ុន Ford បានហៅរថយន្តថ្មីនេះថា P703 ដែលឈ្មោះ P703N គឺជាឈ្មោះម៉ូដែលដែលបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
វិបសាយដដែលបាននិយាយថារថយន្ត Ford Ranger ជំនាន់ថ្មីបានសម្រេចលើការឌីហ្សាញចុងក្រោយកាលពីឆ្នាំ២០១៩ ដែលការផលិតសម្រាប់ទីផ្សារអាមេរិកនឹងចាប់ផ្ដើមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ និងចាប់ផ្ដើមដឹកជញ្ជូនដល់ហាងលក់នៅលឿនបំផុតគឺថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
Ford បានបណ្ដាក់ទុនជាង ១ពាន់លានដុល្លារ លើការផលិតរថយន្ត Ford Ranger ជំនាន់ថ្មី ដែលនឹងត្រូវនាំចេញទៅកាន់ទីផ្សារជាង១០០ទូទាំងពិភពលោក។ រថយន្តថ្មីនេះគឺជាកិច្ចសហការជាមួយ Volkswagen ដែលក្នុងនោះក៏មានការផលិតចេញរថយន្ត Amarok ជំនាន់ថ្មីផងដែរ៕