Ford Ranger ប្ដូរមុខមាត់ថ្មី លេចវត្តមាននៅប្រទេសថៃ

រថយន្ត Ford Ranger ស៊េរី​ថ្មី​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​មុខមាត់​ថ្មី​បាន​បង្ហាញ​វត្តមាន​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ ​ដែល​នឹង​ជា​​ស៊េរី​ឆ្នាំ ២០២១ សម្រាប់​ទីផ្សារ​ប្រទេស​ថៃ។

ការ​កែប្រែ​ដែល​គេ​សម្គាល់​ឃើញ​ច្បាស់​ជាង​គេ​នៅ​ត្រង់​រន្ធ​ខ្យល់​ពណ៌​ខ្មៅ​ដែល​មាន​រចនាបថ​ថ្មី មើល​ទៅ​ស្រដៀង​នឹង​រថយន្ត Ford Thunder ស៊េរី​ផលិត​មាន​កំណត់​ដែល​ចេញ​លក់​នៅ​អឺរ៉ុប​នា​ដើម​ឆ្នាំ ២០២០។ ​ផ្នែក​ជា​ច្រើន​នៃ​រថយន្ត​ឃើញ​មាន​រំលេច​ដោយ​ពណ៌​ខ្មៅ មាន​នៅ​លើ​កញ្ចក់​មើល​ចំហៀង ដៃ​ទ្វារ និង​យ៉ាន់​ពណ៌​ខ្មៅ​​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​​​ផ្នែក​ខាង​ក្នុង ​និង​ផ្នែក​ម៉ាស៊ីន​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ គឺ​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,២លីត្រ ឬ​ចំណុះ ២,០លីត្រ ដែល​មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​១០​វគ្គ។

ក្រុមហ៊ុន​បាន​បន្ថែម​នូវ Ford Ranger XL Street ដ៏​ពិសេស​មួយ ដែល​ការ​រចនា​រូបរាង​ខុស​ពី​ធម្មតា ហើយ​មាន​ទ្វារ​តែ​ពីរ​ប៉ុណ្ណោះ។ Ford បាន​ដាក់​លក់​រថយន្ត Ranger ស៊េរី​ថ្មី​នេះ​ក្នុង​​តម្លៃ​ចាប់​ពី​ប្រមាណ ២១ ៦០០​ដុល្លារ សម្រាប់​​ប្រភេទ XL Street ហើយ​ប្រភេទ Wildtrak វិញ​គឺ​មាន​ចាប់​ពី​ប្រមាណ ៣១ ៦០០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម