Ford Ranger Raptor ឆ្នាំ២០២៣ ចេញផ្លូវការ ជាមួយមុខមាត់ និងជម្រើសម៉ាស៊ីនថ្មី

[REVIEW+] នាវេលាម៉ោង ២រសៀលកន្លងទៅនេះ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ខ្នាតកណ្តាលរបស់ខ្លួន នោះគឺរថយន្ត Ranger Raptor ជំនាន់ទី ២ថ្មី ក្រោមការផលិតឡើងដោយ Ford Performance ជាមួយការផ្តល់អោយនូវរូបរាងនៃការរចនាថ្មី និងសម្ថភាពនៃការបើកបរលើផ្លូវលំបាកកាន់តែខ្លាំង។

ជាមួយការបង្ហាញខ្លួននៃជំនាន់ថ្មីនេះ រថយន្តនេះបានបន្ថែមអោយត្រកូល Raptor មានសមាជិករហូតទៅដល់៣ ដែលមានដូចជា F-150 Raptor, Bronco Raptor និង Ranger Raptor នេះតែម្តង។ សម្រាប់ការបង្ហាញខ្លួននាថ្ងៃនេះដែរគឺជាការបង្ហាញខ្លួនសម្រាប់ទីផ្សារអឺរ៉ុប និងអូស្រ្តាលី ខណៈម៉ូឌែលសម្រាប់ទីផ្សារអាមេរិចខាងជើងនឹងបង្ហាញខ្លួននាឆ្នាំក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាផ្នែកខាងក្រៅ៖ សម្រាប់ការឌីស្សាញនៃផ្នែកខាងក្រៅរថយន្តនេះ ភាគច្រើននឹងឃើញរថយន្តនេះមានការឌីស្សាញស្ទើរតែដូចគ្នានឹង Ranger ២០២៣ ដែលបានយកលំនាំតាមបងប្រុសធំ F-150 Raptor របស់ខ្លួន ប៉ុន្តែសម្រាប់រថយន្តនេះ អាចនិយាយបានថាសម្បូរទៅដោយសាច់ដុំជាង។

លើសពីនេះ ដោយប្រវែងកម្ពស់ពីដីនៃរថយន្តត្រូវបានការបង្កើន រថយន្តនេះបានបំពាក់ថ្មីជាមួយចង្កៀងមុខប្រភេទ Matrix LED, ថាសកង់ទំហំ ១៧អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣២អ៊ីញ, កាងខាងមុខភ្ជាប់ដោយខែលការពារខាងក្រោមធ្វើពីដែកកម្រាស់ ២,៣អ៊ីញ, ប៉ាណាមុខភ្ចាប់ដោយអក្សរ Ford នៅចំកណ្តាល, ឈ្នាន់ជំហៀងប្រភេទអាលុយមីញ៉ូម, រន្ធខ្យល់លើគម្របម៉ាស៊ីន និងតែមអក្សរ Raptor។

គ្រឿងបរិក្ខាផ្នែកខាងក្នុង៖ សម្រាប់ម៉ូឌែលជំនាន់ថ្មីនេះ Ford បានផ្តល់អោយកៅអីខាងមុខប្រភេទស្ព័រ ដែលទទួលបាននូវគំនិតពី Jet Fighters ព្រមទាំងបានរំលេចជាមួយថ្នេរដេរពណ៌ក្រហម, ដៃចង្កូតប្រភេទស្បែកភ្ជាប់ដោយមុខងារកម្តៅ, ភ្លើងលំអរខាងក្នុង Ambient Lighting, កុងទ័របង្ហាញព័ត៌មានទំហំ ១២,៤អ៊ីញ, អេក្រង់កម្សាន្តបញ្ឈរទំហំ ១២អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4 និងមុខងារ Android Auto និង Apple Carplay និងប្រព័ន្ធបំពងសម្លេងប្រភេទ B&O ចំនួន ១០ចំណុច។

ប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធជើងក្រោម៖ សម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ ក្រុមវិស្វកររបស់ Fordបានធ្វើការពង្រឹងថ្មីទៅលើសាកស៊ីនៃរថយន្ត ដែលជួយអោយកាន់តែរាំងម៉ាំ និងប្រើប្រាស់បានយូរ។ លើសពីនេះរថយន្តនេះបានបំពាក់ថ្មីជាមួយប្រព័ន្ធ Control arm ដែលបានផលិតឡើងពីអាលុយមីញ៉ូម, ប៉ូម Fox ទំហំ ២,៥អ៊ីញ ដែលជួយកាត់បន្ថយការកកិតចំនួន ៥០ភាគរយបើប្រៀបធៀបទោនឹងម៉ូឌែលមុន និង Suspension Travel បានបង្កើនរហូតដល់ ២៩០មមនៅផ្នែកខាងមុខ និង ២៥០មមនៅផ្នែកខាងក្រោយ។

បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធស៊ីម៉ាំងភ្លោះប្រភេទ Active-pipe ដែលអាចធ្វើការកំណត់អោយស្ងប់ស្ងាត់(សម្រាប់ពេលព្រឹក), Normal(ការប្រើប្រាស់ប្រចាំថ្ងៃ), Sport(លឺខ្លាំង) និង Baja (ការបើកបរផ្លូវលំបាក off-road)។ ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធកំណត់ល្បឿននៃការបើកបរលើផ្លូវ Off-Road ដោយស្វ័យប្រវត្តិ (Trail Control System) ដែលមាននៅលើ F-150 Raptor ដោយអនុញ្ញាតអោយអ្នកបើកបរអាចកំណត់ល្បឿនក្រោម ៣២គីឡូម៉ែត្រក្នុងម៉ោង ដោយអោយរថយន្តកំណត់ល្បឿន និងហ្វ្រាំង ខណៈពេលអ្នកបើកបរកំពុងផ្តោតលើចង្កូត។

ថាមពលម៉ាស៊ីន៖ ទោះបីជារថយន្តនេះនូវតែផ្តល់ជូននូវម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ bi-turbo ទំហំ ៤ស៊ីឡាំង សម្រាប់ទីផ្សារមួយចំនួនក៏ដោយ ប៉ុន្តែសម្រាប់សេរ៊ីថ្មីនេះ រថយន្តនេះទទួលបាននូវជម្រើសម៉ាស៊ីនសាំងថ្មី ៣,០លីត្រ Twin-turbo Ecoboost V6 ដែលជួយបង្កើនថាមពលនៃរថយន្ត ដោយនៅលើទីផ្សារអឺរ៉ុបម៉ាស៊ីន V6 នេះអាចផលិតកម្លាំងបាន ២៨៤សេះ និងកម្លាំងបង្វិល ៣៩២សេះ ចំណែកនៅលើទីផ្សារអូស្ត្រាលី អាចផលិតកម្លាំងបាន ៣៩២សេះ និងកម្លាំងបង្វិល ៥៨៣ញ៉ូតុនម៉ែត្រ។

ដូចគ្នានឹងជំនាន់មុខដែរ រថយន្តនេះនឹងបញ្ចូនថាមពលទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។ បន្ថែមពីនេះប្រព័ន្ធ Four-wheel drive នឹងភ្ជាប់មកជាមួយជាមួយប្រព័ន្ធចាក់សោប៉ុងមុខ-ក្រោយ និងជម្រើសនៃការប្តូរទៅកាន់ Rear-wheel drive លើសពីនេះអ្នកបើកបរក៏អាចជ្រើសរើសនូវជម្រើសនៃការបើកបរចំនួន ៧ដែលរួមមាន៖ Normal, Sport, Slippery, Rock Crawl, Mud/Ruts, Sand និង Baja ដែលជាជម្រើសមួយសម្រាប់ការបើកបរលឿនលើផ្លូវលំបាក។

សូមបញ្ជាក់ផងដែរថា ភាពខុសគ្នានៃថាមពលម៉ាស៊ីនរវាងទីផ្សារអឺរ៉ុប និងអូស្រ្តាលី នេះគឺដោយសារតែការលៃតម្រូវសម្រាប់ទីផ្សារជាក់លាក់ទាក់ទងទៅនឹងការបំភាយឧស្ម័ន ដោយក្រុមហ៊ុនធ្វើឡើងដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័នរបស់អឺរ៉ុប។ ខណៈពេលអ្នកនាំពាក្យរបស់ Ford បានលើឡើងថាម៉ាស៊ីនសាំងថ្មីនេះនឹងមានថាមពលជាង ៣០ភាគរយ ច្រើនជាងម៉ាស៊ូតនាពេលបច្ចុប្បន្ននេះ។

ពេលវេលានៃការចេញលក់ និងតម្លៃ៖ រថយន្ត Ford Ranger Raptor ជំនាន់ទី២ នឹងធ្វើការបង្ហាញខ្លួននៅអាគាតាំងបង្ហាញនៅលើទីផ្សារអឺរ៉ុបនាចន្លោះខែមិថុនា-កញ្ញា ឆ្នាំ២០២២នេះ មុនពេលម៉ូឌែលដែលដំណើរដោយម៉ាស៊ីនម៉ាស៊ូតបង្ហាញខ្លួននាឆ្នាំ ២០២៣។

សម្រាប់តម្លៃនៃម៉ូឌែលឆ្នាំ២០២៣នេះ Ford ពុំទាន់បានបង្ហាញចេញនូវឡើយនោះទេ ប៉ុន្តែគេរំពឹងថារថយន្ត Raptor ដែលដំណើរការដោយម៉ាស៊ីនសាំងនេះ នឹងមានតម្លៃថ្លៃជាងម៉ាស៊ីនម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម