Ford Ranger Raptor ឆ្នាំ ២០២២ នឹងមានជម្រើសម៉ាស៊ីនថ្មី កម្លាំង ៤០០សេះ

រថយន្ត​ Ranger Raptor ជំនាន់​បច្ចុប្បន្ន​ដែល​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៨ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ទោះ​បី​ជា​មាន​បំពាក់​ត្រឹម​ម៉ាស៊ីន​ម៉ាស៊ូត​ Bi-Turbo ២,០លីត្រ ៤ស៊ីឡាំង​ ដែល​មាន​កម្លាំង​តិច​ និង​មាន​សមត្ថភាព​អូស​សណ្ដោង​បាន​ទម្ងន់ ២៥០០គីឡូក្រាម​ប៉ុណ្ណោះ។

របាយការណ៍​ថ្មី​បាន​អះអាង​ថា​ Ford នឹង​បំពេញ​តាម​តម្រូវ​ការ​​អ្នក​ដែល​ចង់​បាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​លើ Ranger Raptor ដោយ​នៅ​លើ​រថយន្ត​ជំនាន់​ថ្មី​នឹង​មាន​បំពាក់​ម៉ាស៊ីន​ពីរ​ប្រភេទ អាស្រ័យ​តាម​ទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​របស់ Car Advice បាន​អះអាង​ថា​ Ranger Raptor ជំនាន់​ថ្មី នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ​កម្លាំង ៤០០សេះ ​ដែល​ភ្ជាប់​នឹង​​ប្រអប់​លេខ ១០​វគ្គ។ យ៉ាងណាក្ដី​មិន​មាន​ការ​ធានា​ថា​គ្រប់​ទីផ្សារ​ទាំង​អស់​នឹង​ទទួល​បាន​ម៉ាស៊ីន​ប្រភេទ​នេះ​នោះ​ទេ ព្រោះ​ថា​ Ranger Raptor ឆ្នាំ ២០២២ ក៏​នឹង​មាន​ម៉ាស៊ីន​មួយ​ប្រភេទ​ទៀត​ ជា​ម៉ាស៊ីន​ម៉ាស៊ូត Power Stroke ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង កម្លាំង​ ២៤៨សេះ ដែល​មាន​ប្រអប់​លេខ ១០​វគ្គ​ដូច​គ្នា។

បន្ថែម​ពី​នេះ​ដែរ Ranger Raptor ឆ្នាំ ២០២២ នឹង​មាន​បំពាក់​មក​ជា​មួយ​នូវ​បូម​ Fox ថ្មី, សម្បក​កង់​ Off-Road និង​សមត្ថភាព​បើកបរ​ Off-Road ប្រសើរ​ជាង​មុន។ ហើយ​វា​ក៏​នឹង​​ទទួល​បាន​ការ​ Upgrade ផ្សេង​ទៀត​ដែល​មាន​លើ​ត្រកូល​រថយន្ត​ Ranger ជំនាន់​ថ្មី រួម​មាន​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី និង​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ទំនើប​ជាង​មុន៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម