រថយន្ត Ranger Raptor គឺជាជោគជ័យធំមួយសម្រាប់ក្រុមហ៊ុន Ford ទោះបីជាវាមានលក់នៅលើទីផ្សារមិនច្រើនក្ដី។ មានការលេចឮថា Ford នឹងដាក់លក់រថយន្ត Ranger Raptor ជំនាន់ថ្មីនៅលើទីផ្សារកាន់តែច្រើនជាងមុន ក្នុងនោះមានសហរដ្ឋអាមេរិកដែលជាទីផ្សារធំមួយផងដែរ។
ពេលនេះគេបានដឹងទៀតថា Ranger Raptor ជំនាន់ថ្មីសម្រាប់លក់នៅអាមេរិក នឹងមានបំពាក់ម៉ាស៊ីនសាំង EcoBoost V6 កម្លាំងខ្លាំង។ Ranger Raptor សម្រាប់អាមេរិកនឹងប្រើប្រាស់ម៉ាស៊ីន ២,៧លីត្រ EcoBoost V6 ដែលអាចផលិតកម្លាំងបាន ៣២៥សេះ ហើយប្រើប្រព័ន្ធបើកបរវិលកង់ទាំងបួន។
គួរដឹងថា Ranger Raptor ដែលមានលក់លើទីផ្សារជាច្រើននាពេលបច្ចុប្បន្ន គឺមានតែជម្រើសម៉ាស៊ីនម៉ាស៊ូត Twin-Turbocharged ៤ស៊ីឡាំង ចំណុះ ២,០លីត្រ ដែលមានកម្លាំង ២១០សេះ។ ម៉ាស៊ីននេះអាចនឹងបន្តប្រើលើ Ranger Raptor ជំនាន់ថ្មី ប៉ុន្តែវាអាចនឹងអមមកជាមួយម៉ាស៊ីនថ្មីមួយទៀតដែលមានចំណុះ ៣,០លីត្រ ជាប្រភេទម៉ាស៊ូត មាន ៦ស៊ីឡាំង Turbocharged ដែលផលិតកម្លាំងបាន ២៥៥សេះ។ ម៉ាស៊ីនពីរនេះអាចនឹងមានលក់លើទីផ្សារអូស្ត្រាលី និងប្រទេសអាស៊ីមួយចំនួន ប៉ុន្តែមិនសម្រាប់អាមេរិកនោះទេ៕