នាពេលថ្មីៗនេះ Ford បានបញ្ចេញរថយន្ត Mustang Shelby GT500 ស៊េរីឆ្នាំ ២០២០ ថ្មីសន្លាងរបស់ខ្លួនជាផ្លូវការ។
Ford Mustang Shelby GT500 ជំនាន់ទី ៣ ប្រើម៉ាស៊ីនសាំងចំណុះ ៥,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង (V8) មានកម្លាំង ៧០០ សេះ ជារថយន្ត Ford ដែលអាចបើកបរស្របច្បាប់លើដងផ្លូវសាធារណៈកម្លាំងខ្លាំងបំផុតមិនធ្លាប់មាន។
GT500 អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹមតែ ៣,៥ វិនាទីប៉ុណ្ណោះ។ រថយន្តមហាកម្លាំងរបស់អាមេរិកនេះ ដំណើរការដោយប្រអប់លេខអូតូ Dual-clutch ប្រភេទ Tremac ចំនួន ៧ វគ្គ ដែលអាចចូលលេខមិនដល់ ១០០ មីលីវិនាទីឡើយ។
GT500 មានតួខ្លួនបែប Aerodynamic ដែលបំផុសតាមយន្តហោះចម្បាំង, ប៉ាណាមុខពីរជាន់យ៉ាងអង់អាច, ដំបូលម៉ាស៊ីនមានរន្ធប៊ឺតខ្យល់, កាងកាត់ខ្យល់ផ្នែកខាងក្រោមដ៏ធំ, កាងកន្ទុយត្រី Carbon Fiber និងយ៉ាន់ទំហំ ២០ អ៊ីញទៀតផង។ Ford Mustang Shelby GT500 មានពណ៌ថ្មីដូចជា ពណ៌ក្រហម (Red Hot), ពណ៌ទឹកក្រូច (Twister Orange) និង ពណ៌ទឹកប្រាក់ (Iconic Silver)។
ចំណែកឯផ្នែកខាងក្នុងវិញ ត្រូវបានរចនា និងរៀបចំយ៉ាងល្អ ជាមួយនឹងគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងប្រើកុងទ័រឌីជីថល ប្រភេទ LCD ទំហំ ១២ អ៊ីញ, ប្រព័ន្ធសំឡេង B&O Play និង អេក្រង់ Touchscreen ទំហំ ៨ អ៊ីញនៅផ្នែកកណ្តាលទៀតផង។ ក្នុងនោះផងដែរ វាបំពាក់កៅអីស្ព័រ Recaro ដែលជួយទប់លំនឹង និងឱបអ្នកអង្គុយបានយ៉ាងល្អ។
Ford Mustang Shelby GT500 មានតម្លៃ ៧០ ៣០០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕