Ford Shelby GT500 ឆ្នាំ ២០២០ មានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Mustang

នាពេលថ្មីៗនេះ Ford បាន​បញ្ចេញ​រថយន្ត Mustang Shelby GT500 ស៊េរី​ឆ្នាំ ២០២០ ថ្មី​សន្លាង​របស់​ខ្លួនជាផ្លូវការ។

Ford Mustang Shelby GT500 ជំនាន់​ទី ៣ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៥,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង (V8) មានកម្លាំង​ ៧០០ សេះ ជា​រថយន្ត Ford ដែល​អាច​បើកបរ​ស្រប​ច្បាប់​លើ​ដង​ផ្លូវ​សាធារណៈ​កម្លាំង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GT500 អាច​ជាន់ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ពេល​ត្រឹមតែ ៣,៥ វិនាទី​ប៉ុណ្ណោះ។ រថយន្ត​មហា​កម្លាំង​របស់​អាមេរិក​នេះ ដំណើរការដោយ​ប្រអប់លេខ​អូតូ Dual-clutch ប្រភេទ Tremac ចំនួន ៧ វគ្គ ដែល​អាច​ចូល​លេខ​មិន​ដល់ ១០០ មីលីវិនាទី​ឡើយ។

GT500 មាន​តួ​ខ្លួន​បែប Aerodynamic ដែល​បំផុស​តាម​យន្តហោះ​ចម្បាំង, ប៉ាណា​មុខ​ពីរ​ជាន់​យ៉ាង​អង់អាច, ដំបូល​ម៉ាស៊ីន​មាន​រន្ធ​ប៊ឺត​ខ្យល់, កាង​កាត់​ខ្យល់​ផ្នែក​ខាង​ក្រោម​ដ៏​ធំ, កាង​កន្ទុយ​ត្រី Carbon Fiber និង​យ៉ាន់​ទំហំ ២០ អ៊ីញ​ទៀត​ផង។ Ford Mustang Shelby GT500 មាន​ពណ៌​ថ្មី​ដូច​ជា ពណ៌​ក្រហម (Red Hot), ពណ៌​ទឹកក្រូច (Twister Orange) និង ពណ៌​ទឹកប្រាក់ (Iconic Silver)។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ ត្រូវ​បាន​រចនា និង​រៀបចំ​យ៉ាង​ល្អ ជាមួយ​នឹង​គ្រឿង​បរិក្ខា​មាន​គុណភាព​ខ្ពស់ និង​ប្រើ​កុងទ័រ​ឌីជីថល ប្រភេទ LCD ទំហំ ១២ អ៊ីញ, ប្រព័ន្ធ​សំឡេង B&O Play និង អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ​នៅ​ផ្នែក​កណ្តាល​ទៀត​ផង។ ក្នុង​នោះ​ផង​ដែរ វា​បំពាក់​កៅអី​ស្ព័រ Recaro ដែល​ជួយ​ទប់​លំនឹង និង​ឱប​អ្នក​អង្គុយ​បាន​យ៉ាង​ល្អ។

Ford Mustang Shelby GT500 មានតម្លៃ ៧០ ៣០០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម