Ford Territory EV ឆ្នាំ២០២០ សាកភ្លើងម្តងជិះបានជិត ៥០០គ.ម៉ តម្លៃតែជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Territory EV ដែលដំណើរការដោយថាមពលអគ្គិសនី ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយវាបានបំពាក់កញ្ចប់អាគុយថ្មីផងដែរ។

រថយន្ត Ford Territory EV ឆ្នាំ២០២០ អាចបើកបរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង តាមរយៈអាគុយអគ្គិសនីកម្លាំង ៦០,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១៦១សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Territory EV ថ្មីក៏អនុញ្ញាតឲ្យម្ចាស់រថយន្ត ប្រើស្មាតហ្វូនរបស់ពួកគេ ដើម្បីចាក់ និងបើកសោររថយន្តផងដែរ។ ក្នុងនោះវាបំពាក់កុងទ័រឌីជីថល ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០អ៊ីញ ដែលមានមុខងារផែនទី និងអាចបញ្ជាដោយប្រើសំឡេង បានផងដែរ។

មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាសុវត្ថិភាព Co-Pilot360 ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា blind spot monitoring, front collision warning, lane departure warning និង active park assist ជាដើម។

Ford កំពុងដាក់លក់ Territory EV ចំនួន ២ប្រភេទ ដោយមានតម្លៃចាប់ពី ២៦ ៣៦០ដុល្លារ និង ២៨ ២៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម