[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Territory ស៊េរីឆ្នាំ ២០២៣ ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ៣៤ ៣៤៣ ដុល្លារ ដល់ ៣៩ ០៦៤ ដុល្លារក្នុងទីផ្សារប្រទេសវៀតណាម។
Territory ជាឈ្មោះថ្មីក្នុងត្រកូល Ford ហើយនេះក៏ជាម៉ូដែល Ford ទី ៥ ដែលបានចេញលក់ក្នុងឆ្នាំ ២០២២ បន្ទាប់ពី Transit, Explorer, Everest, Ranger។ រថយន្តនេះត្រូវបានរចនាឡើងបែបស្ព័រ ផ្នែកខាងមុខនៃរថយន្តមានការរចនាជាមួយប៉ាណារចនាជាសំណាញ់ ចង្កៀងជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ LED មានរបាឆ្លងកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ ចង្កៀងខាងក្រោយត្រូវបានបំពាក់ដោយបច្ចេកវិជ្ជាបំភ្លឺថ្មីរបស់ក្រុមហ៊ុន Ford។
រីឯនៅផ្ទៃខាងក្នុងវិញ ត្រូវបានការតុបតែងជាមួយពណ៌ខៀវ និងឈើ បន្ថែមជាមួយគ្រឿងបរិក្ខាដ៏ទំនើបដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់, រន្ធខ្យល់សម្រាប់កៅអីខាងក្រោយ, ប្រព័ន្ធបន្សុនខ្យល់កម្រិតខ្ពស់, កុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញជាដើម ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ EcoBoost អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង ១ រួមជាមួយរបៀបបើកបរចំនួន ៤ គឺ Eco, Normal, Sport និង Mountain។
ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពបានបំពាក់ដោយបច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot 360 រួមទាំងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ, កាមេរ៉ា ៣៦០ ដឹក្រេ, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ, ប្រព័ន្ធកំណត់ល្បឿនជាមួយមុខងារ Stop & Go និងមុខងារជាច្រើនទៀតផងដែរ៕