[បរទេស] បន្ទាប់ពីរថយន្ត Ford Transit/Tourneo Custom ស៊េរីថ្មី ២០២៤ ត្រូវបានដាក់បង្ហាញនៅទីផ្សារអ៊ឺរ៉ុប ខណៈពេលនេះ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Jiangling Ford ទើបតែបានបញ្ចេញទម្រង់មុខនៃម៉ូដែលចេញសម្រាប់ទីផ្សារប្រទេសចិន ដែលត្រូវបានគេហៅថា JMC Transit ។
JMC Transit ផ្អែកលើមូលដ្ឋានម៉ូដែលនៃរថយន្ត Ford Transit Custom ជំនាន់ទី ១ ដែលមានកាប៊ីនទំហំធំទូលាយ និងកៅអីចំនួន ៩។ ផ្នែកខាងក្រៅត្រូវបានអាប់ដេតដោយ Transit Custom របស់អឺរ៉ុប ស្របតាមភាសារចនាចុងក្រោយបង្អស់របស់ Ford ។
កាន់តែពិសេសជាងនេះទៅទៀតនោះ ប៉ាណាមុខធំត្រូវបានអមដោយចង្កៀងមុខ LED ស្លីមជាងមុន ជាមួយរបារ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ កាងបឹតខ្យល់រចនាឡើងវិញមានលក្ខណៈពិសេសបែបស្ព័រនឹងតុបតែងដោយក្រូម៉េ និងចង្កៀងក្រោយ LED ដែលរចនាជាបញ្ឈរជាដើម។
ចូលទៅកាន់ផ្នែកខាងក្នុងវិញ ផ្ទៃតាឡូត្រូវបានរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញដែលរួមបញ្ចូលគ្នានៅលើរន្ធម៉ាស៊ីនត្រជាក់។ រួមបញ្ចូលទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS សរុបចំនួន ១៣ ដែលអនុញ្ញាតឲ្យបើកបរស្វ័យប្រវត្តិកម្រិត ២ ភ្លើងលម្អចំនួន ៦៤ ពណ៌ មុខងារបញ្ជាពីចម្ងាយ ការគ្រប់គ្រងដោយសំឡេង និងកាមេរ៉ាជំនួយពេលថយក្រោយជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង និងម៉ាស៊ូតចំណុះ ២,០ លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប៉ុង១ ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥វគ្គ ទំនងជាផ្តល់ជូននាពេលខាងមុខនេះ ៕