ពាណិជ្ជសញ្ញា និងឯកសារប៉ាតង់ គឺជាអ្វីដែលអាចបង្ហាញបានអំពីផលិតផលនាពេលអនាគតនៃក្រុមហ៊ុនផលិតរថយន្ត ជាក់ស្តែងនាពេលនេះ ឈ្មោះប៉ាតង់ Tremor ត្រូវបានរកឃើញនៅលើរថយន្តភីកអាប់ខ្នាតតូចរបស់ Ford មួយម៉ូឌែលបន្ថែមទៀត ខណៈពេលកាលពីមុនគេឃើញវានៅលើរថយន្ត Ranger និង F-150។
តាមរយៈការចុះផ្សាយពីគេហទំព័រ CarBuzz បានរកឃើញថា ពាណិជ្ជសញ្ញាសម្រាប់ឈ្មោះ ” Maverick Tremor“ ត្រូវបានចុះជាមួយវិទ្យាស្ថានជាតិនៃអចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសឈីលី(INAPI)។
តាមរយៈការបកប្រែពីភាសាអេស្បាញ ឯកសារពាណិជ្ជសញ្ញា បានពិពណ៌នាអំពីការប្រើប្រាស់ឈ្មោះ Tremor សម្រាប់យានជំនិះ ដូចជា រថយន្តភីកអាប់ រថយន្តអគ្គិសនី រថយន្ត SUV និងគ្រប់ប្រភេទ ក្នុងចំណោមប្រភេទផ្សេងៗទៀត។ ជាក់ស្តែង ក្រុមហ៊ុន Ford ចង់បានសេរីភាពក្នុងការប្រើឈ្មោះ Tremor នៅគ្រប់ទីកន្លែង ប៉ុន្តែតើ Maverick Tremor នឹងមានរូបរាងបែបណា ហើយតើយើងអាចរំពឹងបានកម្រិតណា យើងពុំទាន់ដឹងនៅឡើយ?
ជាមួយឯកសាប៉ាតង់នេះ គេរំពឹងថា Maverick Tremor នឹងបង្ហាញវត្តមាននាពេលឆាប់ៗ ខណៈពេលដើមឆ្នាំកន្លងទៅ Ford ក៏បានធ្វើការចុះឈ្មោះប៉ាតង់ “Rattler” ហើយខែមុនត្រូវបានគេប្រទះឃើញធ្វើតេស្តសាលល្បង ជាមួយរូបរាងបិទបាំង ដែលហាក់ជាមានកម្ពស់ខ្ពស់ជាងមុន និងមានការកែប្រែចំណុចមួយចំនួន។ ដោយប្រហែលខ្ពស់ជាង Maverick FX4 ដែលទើបផលិតឡើងចំនួន ១អ៊ីញ៕