Ford ចេញ F-150 ឆ្នាំ២០២១ តែអត់ឮប្រកាសពី Raptor តាមពិតគឺបែបនេះសោះ

ថ្មីៗនេះ Ford បានប្រកាសចេញរថយន្តភីកអាប់ខ្នាតធំម៉ូដែល F-150 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលមានការឌីហ្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ព្រមទាំងមានបន្ថែមម៉ូដែលប្រើម៉ាស៊ីន Plug-in Hybrid ទៀតផង។

ជាមួយគ្នានេះ ជម្រើសម៉ាស៊ីនសរុបចំនួន ៦ នឹងត្រូវផ្តល់សម្រាប់ F-150 ថ្មី ខណៈប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២២។ ប៉ុន្តែម៉ូដែលពិសេសមួយ ហាក់មិនមានការលេចឮនៅក្នុងពេលប្រកាសឡើយ គឺ F-150 Raptor។ ទោះជាយ៉ាងនេះក៏ដោយ កុំមានការព្រួយបារម្ភអី ព្រោះវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“នឹងមាន F-150 Raptor ស៊េរីឆ្នាំ២០២១ (all-new)។ យើងនឹងទទួលបានព័ត៌មានលម្អិតដើម្បីចែករំលែកអំពី Raptor នៅពេលក្រោយ”។ នេះបើតាមសម្តីបុគ្គលិកផ្នែកលក់នៅ Ford Trucks បានបង្ហើប។

គួរឲ្យដឹងថា Ford តែងតែទុកពេលរៀងយូរបន្តិច មុនពេលសម្រេចចិត្តចេញ F-150 Raptor ថ្មី ជាក់ស្តែងវាបានកើតឡើង ២ដងរួចមកហើយ។ F-150 Raptor ជំនាន់ដំបូង បានចេញលក់នៅឆ្នាំ២០០៩ រយៈពេល១ឆ្នាំបន្ទាប់ពី F-150 ជំនាន់ទី១២ ចេញលក់ ខណៈ F-150 Raptor បច្ចុប្បន្នដែលជាជំនាន់ទី២ បានចេញលក់នៅឆ្នាំ២០១៧ រយៈពេល ២ឆ្នាំបន្ទាប់ពី F-150 ជំនាន់ទី១៣ ចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម