ក្រុមហ៊ុន Ford បានបណ្ដាក់ទុកជាទឹកប្រាក់ ៩០០លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្រផលិតនៅប្រទេសថៃ ដែលជារោងចក្រផលិតរថយន្ត Ford Ranger ជំនាន់ថ្មី និងរថយន្ត Ford Everest ផងដែរ។
ការបណ្ដាក់ទុនដ៏ច្រើនសន្ធឺកនេះនឹងឃើញរោងចក្ររបស់ Ford នៅប្រទេសថៃ ប្រតិបត្តិការបានកាន់តែប្រសើរសម្រាប់ជាមូលដ្ឋាននាំចេញរថយន្តទៅកាន់បរទេស ហើយវានឹងបង្កើតការងារថ្មី ១ ២៥០កន្លែង រួមទាំងបន្ថែមការងារមួយវេនទៀត ដែលធ្វើឲ្យបុគ្គលិកសរុបនៅរោងចក្រប្រទេសថៃ កើនឡើងដល់ ៩ពាន់នាក់។
នៅរោងចក្រប្រទេសថៃនឹងមានការបន្ថែមរូបូតបំពេញការងារលើផ្នែកលាបថ្នាំរថយន្ត ដែលធ្វើឲ្យប្រព័ន្ធស្វ័យប្រវត្តិកម្មនៅរោងចក្រកើនឡើងដល់ប្រមាណជិត ៨០% ហើយរោងចក្រនេះនឹងប្រើបច្ចេកវិទ្យា ScanBox ជាលើកដំបូង ដែលអាចត្រួតពិនិត្យគុណភាពបានរហ័សជាងមុន។
ការអភិវឌ្ឍន៍ទាំងនេះនឹងធ្វើឲ្យ Ford អាចផលិតរថយន្ត Ranger និង Everest បានកាន់តែច្រើនសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក រួមទាំងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ៕