[ទីផ្សារបរទេស] ក្រុមហ៊ុន Ford ទទួលបានលទ្ធផលយ៉ាងអស្ចារ្យលើប្រាក់ចំណេញ និងប្រាក់ចំណូលដែលរកបាននៅត្រីមាសទីពីរ ហើយរំពឹងថានឹងបន្តជោគជ័យរហូតដល់ត្រីមាសទីបី និងទីបួនជាបន្តបន្ទាប់ទៀត។
ប្រាក់ចំណូលរបស់ Ford ជារួមបានកើនឡើងពី ២៦,៨ពាន់លានដុល្លារកាលពីត្រីមាសទីពីរ ឆ្នាំ២០២១ ឡើងមកដល់ ៤០,២ពាន់លានដុល្លារ នៅត្រីមាសទីពីរនៃឆ្នាំ២០២២។ បន្ថែមពីនេះប្រាក់ចំណូលពីការលក់រថយន្តមានការកើនឡើងរហូតដល់ ៥៧% ដោយមានសរុប ៣៧,៩ពាន់លានដុល្លារ។
Ford ក៏បានរាយការណ៍ផងដែរអំពីប្រាក់ចំណេញ ៦៦៧លានដុល្លារ ដែលក្នុងនោះបានរាប់បញ្ចូលលើការខាតបង់ជាមួយភាគហ៊ុនរបស់ក្រុមហ៊ុន Rivian ផងដែរ។ Ford បានបិទបញ្ចប់ត្រីមាសទីពីរជាមួយសាច់ប្រាក់សុទ្ធ ២៩ពាន់លានដុល្លារ និងទ្រព្យសរុប ៤៥ពាន់លានដុល្លារ។
ទៅថ្ងៃមុខ Ford រំពឹងថាប្រាក់ចំណូលមុនគិតពន្ធសម្រាប់ពេញមួយឆ្នាំ២០២២នេះ អាចនឹងមានចន្លោះពី ១១,៥ពាន់លានដុល្លារ ទៅ ១២,៥ពាន់លានដុល្លារ ដែលតំណាងឲ្យការកើនឡើង ១៥% ទៅ ២៥% ធៀបនឹងលទ្ធផលឆ្នាំ២០២១៕