[ទីផ្សារបរទេស] ខណៈដែល Ford ត្រៀមប្រកាសចេញរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២១ ក្រុមហ៊ុននេះបានបង្ហាញថាខ្លួនរំពឹងនឹងទទួលបានប្រាក់ចំណេញ ៨,២ពាន់លានដុល្លារ ពីការវិនិយោគក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Rivian។
Ford ធ្លាប់បានវិនិយោគទឹកប្រាក់ជាង ៨០០លានដុល្លារ ក្នុងក្រុមហ៊ុន Rivian និងបានកាន់កាប់ភាគហ៊ុន ១២% នៅពេលដែលក្រុមហ៊ុននេះដាក់លក់ហ៊ុនជាសាធារណៈនៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចុប្បន្ន Rivian មានតម្លៃលើទីផ្សារប្រមាណ ៦៦ពាន់លានដុល្លារ ដែលភាគហ៊ុនមានតម្លៃ ៧៣,១៦ដុល្លារ ក្នុងមួយហ៊ុន។
តាមពិតទៅ វាគួរតែជាក្រុមហ៊ុន General Motors ឯណោះទេ ដែលត្រូវសប្បាយរីករាយនឹងការទទួលបានផលចំណេញពីការបណ្ដាក់ទុនក្នុងក្រុមហ៊ុន Rivian។ របាយការណ៍កាលពីចុងឆ្នាំកន្លងទៅបង្ហាញនាយកប្រតិបត្តិ Rivian ធ្លាប់បានជួបជាមួយនាយកប្រតិបត្តិ General Motors កាលពីឆ្នាំ២០១៨ ដើម្បីស្វែងរកការវិនិយោគដល់អាជីវកម្មរបស់ពួកគេ។ យ៉ាងណាក្ដីលក្ខខណ្ឌនៃការវិនិយោគរបស់ Ford មានភាពទាក់ទាញជាង ទើបធ្វើឲ្យកុងត្រារវាង Ford និង Rivian បានកើនឡើង៕