យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Ford បានឲ្យដឹងថា ក្រុមហ៊ុនរបស់អាមេរិកមួយនេះ នឹងឈប់ផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយបិទរោងចក្រទាំងពីរចោលតែម្តង។
ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងបិទរោងចក្រនៅរដ្ឋ Gujarat និងរដ្ឋ Tamil Nadu ត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២ ប៉ុន្តែវានឹងបន្តផលិតម៉ាស៊ីនរថយន្ត សម្រាប់នាំចេញ។
គួរឲ្យដឹងដែរថា Ford គឺជាក្រុមហ៊ុនរថយន្តធំចុងក្រោយបង្អស់មួយ ដែលសម្រេចចិត្តចាកចេញពីប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន General Motors (GM) ក៏បានឈប់ផលិតរថយន្ត សម្រាប់ទីផ្សារឥណ្ឌា ផងដែរ។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំមុន ក្រុមហ៊ុន Harley-Davidson បានបញ្ឈប់ការផលិត ហើយបានកាត់បន្ថយប្រតិបត្តិការលក់របស់ខ្លួនយ៉ាងធំ នៅក្នុងទីផ្សារម៉ូតូធំបំផុតរបស់ពិភពលោកមួយនេះទៀតផង។
ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនបានខាតបង់ប្រតិបត្តិការជាង ២ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ហើយតម្រូវការរថយន្តថ្មីក៏បានធ្លាក់ចុះទៀត៕