GAC ES9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC ES9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ប្រើ plug-in hybrid ដែលមាន ៤ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៩៥០ ដុល្លារ ដល់ ៣៧ ៥១១ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង GPMA platform មានប្រវែងសរុប ៥ ១១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម ដែលធំជាងរថយន្ត Toyota Land Cruiser PRADO មានប្រវែងសរុប ៤ ៩៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ GAC ES9 ត្រូវបានផ្តល់ជូននៅការឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំប្រភេទ dot matrix grille ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញស្រោបដោយក្រូម៉េ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្តោតទៅលើប្រណិតភាព ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធ ADiGo 4.0 ជំនាន់ចុងក្រោយ ក៏ដូចកញ្ចក់កម្រាស់ ៥ មម ជួយកាត់បន្ថយសំឡេងរំខានពីផ្នែកខាងក្រៅយ៉ាងល្អ រួមទាំងកាម៉េរា ៥៤០ដឺក្រេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៣ គីឡូម៉ែត្រ  ផ្ជាប់ដោយប្រអប់លេខអូតូ និងអាចបើកបរបានចម្ងាយដល់ទៅ ១២១៥ គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំងពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម