Geely Galaxy M9 ប្រភេទ PHEV ត្រៀមការដាក់លក់ជាផ្លូវការជាមួយតម្លៃជាង៣មុឺនដុល្លារ

រថយន្ដ Geely Galaxy M9 បំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid ត្រូវបានគេប្រទះឃើញនៅតាមឃ្លាំងទីតាំងលក់រថយន្ដក្នុងប្រទេសចិន មុនពេលចាប់ផ្តើមលក់ជាផ្លូវការ។ រថយន្តនេះនឹងត្រូវដាក់លក់នៅទីផ្សារក្នុងស្រុកជាមួយនឹងតម្លៃពី ៣៤ ៦៥០ ដុល្លារ។ ក្រោយដាក់លក់ក្នុងស្រុករួចរថយន្ដនេះនឹងត្រូវនាំចូលទៅទីផ្សារទ្វីបអឺរ៉ុបផងដែរ។

រថយន្ត Geely Galaxy M9 បំពាក់មកជាមួយប្រព័ន្ធ Plug-in Hybrid EM-P ដំណើរការម៉ាស៊ីនសាំង Turbo ចំណុះ ១,៥ លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន៣។ បើនិយាយពីកម្រិតថាមពលវិញ សម្រាប់ម៉ាសុីចំហេះខាងក្នុងអាចផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់ (១៦១ សេះ) ចំណែកម៉ូទ័រអគ្គិសនីផ្នែកខាងមុខអាចផលិតកម្លាំងបាន ១៨០ គីឡូវ៉ាត់ (២៤១ សេះ) ខណៈម៉ូទ័រអគ្គិសនីនៅខាងក្រោយចំនួន២អាចផលិតកម្លាំង ១៧០ គីឡូវ៉ាត់ (២២៨ សេះ) ក្នុងម៉ូទ័រមួយគ្រាប់ នៅពេលដំណើរការរួមគ្នាទាំងម៉ាសុីនចំហេះខាងក្នុងនិងម៉ូទ័រអគ្គិសនី អាចកម្លាំងសរុបដល់ ៥២០ គីឡូវ៉ាត់ (៦៩៧ សេះ)។ រថយន្ត Geely Galaxy M9 អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ៤,៥ វិនាទី។

បន្ថែមពីរថយន្ដនេះបានបំពាក់មកជាមួយជម្រើសអាគុយ២ផ្សេងផងដែរក្នុងនោះចំពោះអាគុយទំហំ ១៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៨៥គីឡូម៉ែត្រ ពេលប្រើអគ្គិសនី និងអាគុយទំហំ ៤១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៨៥ គីឡូម៉ែត្រ។ ចំពោះអត្រាស៊ីប្រេងរបស់ Galaxy M9 នៅពេលដែលថាមពលអាគុយអស់គឺសុីត្រឹមតែ ៤,៨ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ។ រថយន្តនេះក៏បានបំពាក់ប្រព័ន្ធបូមខ្យល់ភ្ជាប់ជាមួយប្រព័ន្ធត្រួតពិនិត្យការបន្ថយកម្លាំងរំញ័រ (CDC)ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងក្នុងរបស់រថយន្ត Geely Galaxy M9 មានកៅអីចំនួន ៦ ក្នុងទម្រង់ ២+២+២។ កៅអីនីមួយៗរបស់រថយន្តមានមុខងារបញ្ជាដោយថាមពលនិងមុខងារកម្តៅ ចំណែកឯកៅអីជួរទីមួយនិងទីពីរមានមុខងារបញ្ចេញខ្យល់និងម៉ាស្សា។ អ្វីកាន់តែពិសេសនៅរថយន្ដនេះបានបំពាក់អេក្រង់ប៉ះកម្សាន្ដ ៣០ អុីញកម្រិត 6K អេក្រង់កុងទ័រប្រភេទ LCD ស្តើងទំហំ ១២,៦ អុីញ ខណៈកុងសូលកណ្តាលរបស់ M9 មានកន្លែងសាកថ្មឥតខ្សែចំនួនពីរ កន្លែងដាក់កែវដែលលាក់ទុកនិងឧបករណ៍បំពងសម្លេងចំនួន២៧គ្រាប់

រថយន្ត Geely Galaxy M9 កម្រិតខ្ពស់បំផុតក៏មានបំពាក់មកជាមួយអេក្រង់ទំហំ ១៧,៣ អុីញដែលបានបំពាក់នៅលើពិដានសម្រាប់អ្នកដំណើរខាងក្រោយ។ អ្នកដំណើរជួរទីពីរខាងស្តាំក៏មានតុបត់មួយផងដែរ។ លក្ខណៈពិសេសដ៏ល្អមួយទៀតរបស់រថយន្តនេះគឺទូរទឹកកកដែលមានទំហំធំ ៩,១ លីត្រ៕


ផ្ទាំងផ្សាយពាណិជ្ជកម្ម