រូបភាពដំបូងបង្អស់នៃរថយន្ត Genesis G90 ជំនាន់ចុងក្រោយ ដែលជាប្រភេទ Luxury Sedan ត្រូវបានបង្ហាញជាផ្លូវការ ពីក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនេះ។
រថយន្ត Genesis G90 ឆ្នាំ២០២២ មានការឌីហ្សាញបែប “Athletic Elegance” ហើយមានបំពាក់ប៉ាណាមុខ Crest Grille និងចង្កៀង Two-Line Headlight រាងស្លីម មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។
ក្រឡេកមកមើលផ្នែកចំហៀង រថយន្ត G90 នឹងមានភ្លើងស៊ីញ៉ូ LED ភ្លោះ ព្រមទាំងយ៉ាន់កង់ទំហំ ២០អ៊ីញ ដែលមានការឌីហ្សាញយ៉ាងស្រស់ស្អាត។
ចំណែកឯផ្នែកខាងក្រោយ វាក៏មានបំពាក់ចង្កៀងក្រោយ LED លាតកាត់ពេញផ្ទៃផ្នែកខាងក្រោយ ខណៈស្តុបក្រោយរបស់វាឌីហ្សាញបែបស្រួចៗ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនទាន់បានបង្ហាញរូបភាពនៃកាប៊ីនផ្នែកខាងក្នុងរបស់ G90 នៅឡើយទេ ប៉ុន្តែបាននិយាយថា វាក៏នឹងផ្តល់ជម្រើសប្រភេទតួវែង ដែលមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងប្រភេទស្តង់ដារ ១៩០មីល្លីម៉ែត្រ។
ក្រុមហ៊ុន Genesis បានបន្ថែមទៀតថា G90 នឹងចេញលក់នៅសហរដ្ឋអាមេរិក ជាម៉ូដែលឆ្នាំ២០២៣ ហើយលក់នៅទីផ្សារដទៃជាម៉ូដែលឆ្នាំ២០២២៕