ម៉ាស៊ីនជំនួយផ្លូវដង្ហើមផលិតដោយដៃរបស់ GM ថ្លៃជាងឡាន Chevrolet មួយគ្រឿងទៀត

មិនមែនត្រឹមតែមន្ទីរពេទ្យរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលទទួលបានប្រយោជន៍ពីក្រុមហ៊ុន GM ដែលផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម ដើម្បីគាំទ្រដល់អ្នកជំងឺកូវីដ១៩ ប៉ុន្តែក្រុមហ៊ុនរថយន្តមួយនេះក៏ទទួលបានប្រយោជន៍មិនតិចដែរ ពីកិច្ចព្រមព្រៀងមួយនេះ។

គួររំលឹកថា កាលពីសប្តាហ៍មុន រដ្ឋបាលលោក ត្រាំ បានប្រកាសអំពីការចុះកុងត្រាជាមួយក្រុមហ៊ុន GM ក្នុងតម្លៃ ៤៩០លានដុល្លារ ដើម្បីឲ្យក្រុមហ៊ុនរថយន្តនេះផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម ឲ្យបានសរុប ៣០ ០០០គ្រឿង ត្រឹមខែសីហា។ បើគិតទៅ ម៉ាស៊ីនជំនួយផ្លូវដង្ហើមមួយគ្រឿងដែល GM ផលិត នឹងមានតម្លៃប្រហែល ១៦ ០០០ដុល្លារ ដែលមានន័យថា ថ្លៃជាងរថយន្ត Chevrolet Spark ដែល GM លក់ត្រឹម ១៣ ២២០ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា GM និងក្រុមហ៊ុនដៃគូផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើម Ventec Life Systems ត្រូវធ្វើការច្រើនណាស់ដើម្បីសម្រេចកុងត្រានេះបាន។ ជាក់ស្តែង ពួកគេត្រូវចំណាយពេលដល់ ១០សប្តាហ៍ ដើម្បីផលិតគ្រឿងម៉ាស៊ីន, ជួល និងបង្វឹកបុគ្គលិកបណ្តោះអាសន្នរបស់ពួកគេ ព្រមទាំងកែកុនរោងចក្រផលិតរថយន្ត ទៅជាកន្លែងផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើមវិញទៀតផង។

យ៉ាងណាមិញ ក្រុមហ៊ុន GM ចង់ចាប់ផ្តើមសង្វាក់ផលិតកម្មនៅសប្តាហ៍នេះ ដោយផលិតម៉ាស៊ីនជំនួយផ្លូវដង្ហើមឲ្យបាន ៦ ០០០គ្រឿង ត្រឹមថ្ងៃទី១ ខែមិថុនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម