GMC Acadia ជំនាន់ថ្មី ២០២៤ បង្ហាញខ្លួនជាមួយការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងទំនើបជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GMC Acadia ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV កាប៉ីន ៣ ជួរ នៅឯពិរព័ណ៌រថយន្ត Detroit Auto Show ត្រូវបានរចនាឡើងវិញទាំងស្រុង និងទទួលបានបច្ចេកវិទ្យាថ្មី ជាពិសេសម៉ាស៊ីនកម្លាំងជាងមុន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Chevrolet Travers ស៊េរីឆ្នាំ ២០២៤ ពោលគឺ GM C1 platform ដែលទទួលបានម៉ាស៊ីនថ្មីចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៨ សេះ និងកម្លាំងរមួល ៤៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ មានទាំងប្រភេទបើកបរ ១ និងប៉ុង ២ ព្រមទាំងអាចអូសសណ្តោងបានដល់ទៅ ២ ២៦៨ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីបានម៉ាស៊ីនថ្មីហើយ រថយន្តនេះ ក៏ទទួលបានទំហំធំជាងមុនបើធៀបទៅនឹងម៉ូដែលឆ្នាំ ២០២៣ ដែលមានប្រវែងវែងជាងមុន ២៦៩ ម.ម កំពស់ខ្ពស់ជាងមុន ១៩,០៥ ម.ម និងបានបន្ថែមប្រវែងគន្លាតកងមុខ-ក្រោយវែងជាងមុន ២១៣ ម.ម ។ សម្រាប់ការចនានៅផ្នែកខាងក្រៅវិញ មានប៉ាណាទំហំធំរចនាខុសៗគ្នាទៅតាមម៉ូដែលនីមួយៗ អបសងខាងដោយសំណុំចង្កៀង C-shaped LED មានជម្រើសថាសកង់ទំហំ ១៨ អ៉ីញ ដល់ ២២ អ៉ីញ និងចង្កៀងក្រោយ C-shaped LED ។

ចំពោះនៅខាងក្នុងវិញ GMC អះអាងរថយន្ត ៧ កៅអី នេះមានទំហំធំដែលអាចផ្ទុកបន្ថែមទៀតបាន ៨០% នៅពីពេលបត់កៅអីជួរទី៣ និង ៣៦% នៅពេលបត់កៅអីជួរទី ២ ។ សម្រាប់នៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញ គាំទ្រដោយប្រព័ន្ធ Google Biuld-in ដែលអាចប្រើប្រាស់កម្មវិធីរបស់ Google ជាច្រើន ឧបករណ៍បំពងសំឡេងម៉ាក Bose ១៦ ចំនុច ព្រមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Super Cruise ក៏ដូចជាកាម៉េរាចំនួន ៩ ទីតាំង និងប្រព័ន្ធសុវត្ថភាព ជំនួយការអ្នកបើកបរច្រើនជាង ២០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងតម្លៃវិញ ក្រុមហ៊ុន GMC មិនទាន់ដាក់បង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូដែលឆ្នាំ ២០២៣ មានតម្លៃលក់ចាប់ពី ៣៦ ៨០០ ដុល្លារ ដល់ ៤៣ ៤០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម