ក្រុមហ៊ុនរថយន្តអាមេរិក GMC បានប្រកាសចេញរថយន្តម៉ូដែល Terrain ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួន មើលទៅរឹតតែទាក់ទាញ។
រថយន្ត SUV ថ្មីនេះ បានបំពាក់ប៉ាណាមុខធំជាងមុន ព្រមទាំងចង្កៀងមុខ LED ឌីហ្សាញថ្មីទៀតផង។ បន្ថែមពីនេះ កាងមុខរបស់វាក៏ទទួលបានការឌីហ្សាញថ្មីបន្តិចបន្តួច ហើយថែមទាំងប្រើចង្កៀងក្រោយ LED ថ្មីដែរ។ ក្រៅពីនោះ វាបានបំពាក់យ៉ាន់ ទំហំ ១៨អ៊ីញ និង ១៩អ៊ីញ ដែលឌីហ្សាញថ្មី។
រថយន្ត GMC Terrain ឆ្នាំ២០២២ ចែកចេញជា ៥ ម៉ូដែល គឺ Terrain Denali, Terrain Elevation Edition, Terrain SLE, Terrain SLT និង Terrain AT4។
ដោយឡែក ផ្នែកខាងក្នុងរបស់វាទទួលបានការអាប់ដេតតិចតួចប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាមានមុខងារ Wireless Android Auto និង Apple CarPlay និង កុងទ័របាញ់លើកញ្ចក់ថ្មី ផងដែរ។ វាក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង automatic emergency braking, forward collision alert, front pedestrian braking និង lane keep assist with lane departure warning ជាដើម។
រថយន្ត GMC Terrain ឆ្នាំ២០២២ បំបាក់ម៉ាស៊ីន turbocharged ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងមួយ តែក៏មានជម្រើសប៉ុងពីរផងដែរ៕