កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GMC បានបញ្ចេញវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញនូវគំរូរថយន្តអគ្គិសនី Hummer EV ប្រើប្រាស់មុខងារ Launch Control របស់ខ្លួន ដែលមានឈ្មោះថា “Watts to Freedom”។
មុខងារជាន់ស្ទុះភ្លាមៗ Watts to Freedom នេះ គឺមានជាស្តង់ដារតែម្តងលើម៉ូដែល Hummer EV Edition 1 ដែលប្រើកម្លាំងទាំងអស់ចេញពីម៉ូទ័រអគ្គិសនីចំនួន ៣ សរុប ១ ០០០សេះរបស់វា។
នៅពេលដែលអ្នកបើកបរប្រើមុខងារពិសេសនេះ រថយន្តនឹងចាប់ផ្តើមបង្ហាញផ្ទាំង Animation, បញ្ចេញសំឡេង ព្រមទាំងបន្ទាបបូម ៥១មីល្លីម៉ែត្រ (២អ៊ីញ) ដើម្បីកាត់បន្ថយទំនាញកណ្តាលរបស់វាទៀតផង។ បន្ទាប់មក វានឹងប្រាប់ឲ្យអ្នកបើកបរដកជើងចេញពីហ្វ្រាំង ដើម្បីជាន់រថយន្តឲ្យស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣វិនាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា រថយន្ត Hummer EV នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១ នេះ ខណៈម៉ូដែល Edition 1 មានតម្លៃដល់ខ្ទង់ ១១០ ០០០ដុល្លារ ហើយម៉ូដែលថោកបំផុតគឺ 3X ចេញលក់នៅឆ្នាំ២០២២ មានតម្លៃ ៩៩ ៩៩៥ដុល្លារ៕