
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត WEY Lanshan ឆ្នាំ ២០២៥ ដោយផ្តល់នូវជម្រើសចំនួន ២ រួមមាន Max និង Ultra ជាមួយតម្លៃលក់ខ្ទង់ ៤១ ៣០០ដុល្លារ និង ៤៥ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ មានប្រវែង ៥ ១៥៦ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៩៨០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៥០ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged កម្លាំង ១៦៧សេះ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២៩៥សេះ និងកម្លាំងរមួល ៤១០ញ៉ូតុនម៉ែត្រ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៩ វិនាទី ផ្គួបជាមួយជម្រើសអាគុយទំហំ ៤៤,៥ និង ៥២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ ២២១ និង ២៦៣ គីឡូម៉ែត្រ (CLTC) ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ WEY Lanshan ឆ្នាំ ២០២៥ នេះ គឺមានការរចនាជាមួយចង្កៀងមុខ LED រាងស្លីម យ៉ាន់ស្ព័រពណ៌ខ្មៅថ្មី ប្រអប់ហ្វ្រាំងពណ៌ក្រហម ប៉ាណាបិទជិតដូចរថយន្ត EV និងចង្កៀងក្រោយអូសពីម្ខាងទៅម្ខាងរាងអក្សរ X ។
ចំពោះផ្នែកខាងក្នុង មានអេក្រង់ infotainment និងអេក្រង់ co-pilot screen ទំហំ ១៥,៦ អ៊ីញ អេក្រង់ HUD ទំហំ ២៩ អ៊ីញ កៅអីជួរទីពីរ និងកៅអីអ្នកដំណើរខាងមុខមានមុខងារកំដៅ ខ្យល់ និងម៉ាស្សា អេក្រង់ខាងក្រោយទំហំ ១៧,៣អ៊ីញ កន្លែងសាកឥតខ្សែ 50W និងប្រព័ន្ធបើកបរជំនួយ Coffee Pilot Ultra ជាដើម៕