[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការកាលពីខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការប្រកាសថា ខ្លួនទទួលបានការបញ្ជាទិញនៅរថយន្ត GWM Tank 500 Hi4-T ប្រើម៉ាស៊ីនកូនកាត់ Plug-in hybrid ចំនួន ២០ ០០០ គ្រឿងឯណ្ណោះ នៅប្រទេសចិន ។
សម្រាប់រថយន្តនេះ ត្រូវបានផលិតឡើងផ្អែកនៅលើរថយន្ត GWM Tank500 មានប្រវែងតួខ្លួនសរុប ៥០៧៨មម ទទឹង ១៩៣៤ មម កំពស់ ១៩០៥ មម និងប្រវែងគន្លាតកង់មុខក្រោយ ២៨៥០ មម ដោយផ្នែកខាងមុខមានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ប្រើប្រាស់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមើលទៅប្រណិតជាមួយគ្រឿងបរិក្ខាកម្រិតខ្ពស់ និងបានតុបតែងជាមួយឈើ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញជាដើម។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៤០២ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ គីឡួម៉ែត្រដោយប្រើថាមពលអគ្គិសនី និងមានកម្រិតស៊ីប្រេងត្រឹមតែ ២,៣ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕