Haval បន្ថែមម៉ូដែលពិសេស Big Dog Hunting Edition 2022 ជំនាញខាង Off-Road នៅក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការបង្ហាញចេញនៅរថយន្ត Haval Big Dog Hunting Edition 2022 ដែលជាម៉ូដែល Special edition ថ្មី រចនាឡើងវិញដើម្បីបញ្ជាក់ពីភាពរឹងមាំបន្ថែមទៀត គ្រោងនឹងដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសចិន។

រថយន្ត Haval Big Dog បានបន្ថែមជម្រើសជាមួយនឹងម៉ូដែលពិសេសមួយដែលមានឈ្មោះថា Hunting Edition នៅក្នុងប្រទេសចិន ដែលមានបំពាក់ជាមួយប៉ាណាមុខ​​ពណ៌​ខ្មៅ​ដែល​ធំ​ជាង​ស៊េរី​ធម្មតា​ជាមួយនឹង​កាង​ខាងមុខ​ពណ៌​ខ្មៅ​រចនា​ថ្មី​ដែល​បាន​ពង្រឹង​ជាមួយនឹង​កង់​ខ្មៅ​, ឈ្នាន់ចំហៀង​និង​ថាសកង់​ថ្មី​ទំហំ ១៩ អ៊ីញ ខណៈ​កាង​ខាងក្រោយ​ត្រូវបាន​រចនា​ជា​ពណ៌​ខ្មៅ​ទាំងអស់​ដែល​បន្ថែម​ភាព​រឹងមាំថែមទៀត។

ពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង កាប៊ីនត្រូវបានបំពាក់ដោយកុងទ័រព៏ត៌មានឌីជីថល អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ អេក្រង់កញ្ចក់ទំហំធំ គ្រឿងបរិក្ខាតុបតែងដោយពូកស្បែក Nappa និងឧបករណ៍បំពងសំឡេងម៉ាក Infinity ចំនួន ១០ចំនុច ។

បើនិយាយអំពីម៉ាស៊ីនវិញ រថយន្ត Haval Big Dog Hunting Edition មិនផ្លាស់ប្តូរ ដោយដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ  turbocharged ដែលផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ នឹងបង្កើនថាមពលកាន់តែខ្លាំងជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ដែលផលិតកម្លាំងបាន ២១១ សេះ និងកម្លាំងរមួល ៣២៥ ញូតុនម៉ែត្រ បញ្ជូនដោយប្រអប់លេខអូតូ ៧ វគ្គ។ អតិថិជនក៏អាចជ្រើសរើសទាំងម៉ូដែលប៉ុង១ និងប៉ុង២ ផងដែរ។

គួរបញ្ជាក់ផងដែរ​ រថយន្ត Haval Big Dog Hunting Special Edition បច្ចុប្បន្នមិនទាន់មានលក់នៅឡើយទេ។ ប៉ុន្តែ ម៉ូដែលធម្មតាមានតម្លៃចន្លោះពី ១៧ ៧២៩ ដុល្លារ ដល់ ២៣ ៩៣៩ ដុល្លារ ដូច្នេះគេរំពឹងថាតម្លៃមិនខុសពីនេះច្រើនទេ៕

Sponsored