[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Honda បានប្រកាសអំពីយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ទៅមុខទៀត ដោយមានគម្រោងបណ្ដាក់ទុនជាទឹកប្រាក់ ៤០ពាន់លានដុល្លារ លើផ្នែកអគ្គិសនី និងផ្នែក Software ដោយក្រុមហ៊ុនមានគម្រោងប្រកាសចេញរថយន្តអគ្គិសនីឲ្យបាន ៣០ម៉ូដែល លើទូទាំងសកលលោកត្រឹមឆ្នាំ២០៣០។
ចាប់ផ្ដើមជាមួយទីផ្សារអាមេរិកខាងជើង Honda នឹងប្រកាសចេញរថយន្តអគ្គីសនីប្រភេទ SUV ថ្មីចំនួនពីរម៉ូដែលក្នុងឆ្នាំ២០២៤ ដែលជាការសហការបង្កើតជាមួយក្រុមហ៊ុន General Motors ដែលក្នុងនោះមានរថយន្តមួយម៉ូដែលឈ្មោះថា Honda Prologue។
នៅឆ្នាំ២០២៤ដដែល Honda នឹងប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃប្រភេទ LCV នៅប្រទេសជប៉ុន ដែលរំពឹងថាមានតម្លៃប្រមាណ ៨ពាន់ដុល្លារ និងមានការប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូច និងរថយន្តអគ្គិសនី SUV ជាបន្តបន្ទាប់ផងដែរ។ បន្ថែមពីនេះ Honda ក៏គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួន១០ម៉ូដែលនៅប្រទេសចិន ត្រឹមឆ្នាំ២០២៧ ដើម្បីបំពេញតាមតម្រូវការដែលកើនឡើង។
ក្រុមហ៊ុនក៏មានគម្រោងប្រកាសចេញរថយន្តស្ព័រអគ្គិសនីថ្មីចំនួនពីរម៉ូដែលផងដែរ ដោយមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់នៅឡើយទេ ប៉ុន្តែវាអាចជាអ្នកស្នងតំណែងរថយន្ត Honda/Acura NSX។
ចូលដល់ពាក់កណ្ដាលទសវត្សឆ្នាំ២០២០ ក្រុមហ៊ុនក៏នឹងប្រកាសចេញគ្រោងឆ្អឹងថ្មីផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី ដែលមានឈ្មោះថា Honda e: Architecture ចាប់ពីឆ្នាំ២០២៦តទៅ ដែលមានគួបផ្សំគ្រឿងបន្លាស់ ជាមួយបច្ចេកវិទ្យាចុងក្រោយ។ ក្រោយមករថយន្តអគ្គិសនីតម្លៃធូរ នឹងបង្ហាញវត្តមានៅឆ្នាំ២០២៧ ចាប់ផ្ដើមពីទីផ្សារអាមេរិកខាងជើង ដែលជាលទ្ធផលនៃការសហការរវាង Honda និង GM។
ក្រុមហ៊ុនជប៉ុននេះក៏បានប្រកាសផងដែរថានឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីផ្ដាច់មុខនៅអាមេរិកខាងជើង ជាមួយរោងចក្ររថយន្តអគ្គិសនីថ្មីចំនួនពីរនៅឯប្រទេសចិន ដើម្បីគាំទ្រដល់គោលដៅផលិតរថយន្តឲ្យបាន ២លានគ្រឿងក្នុងមួយឆ្នាំ ដែលជាគោលដៅប៉ុនប៉ងសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០៕