[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់អាមេរិកខាងជើង ដែលមានការរចនាខុសគ្នាទាំងស្រុងទៅនឹងរថយន្តដែលបានចេញរួចហើយនៅអឺរ៉ុបជាមួយតម្លៃចាប់ផ្តើមពី ២៣ ៦៥០ ដុល្លារ ដល់ ២៨ ៩៥០ ដុល្លារ ។
រថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់តែទីផ្សារសហរដ្ឋអាមេរិក និងកាណាដាប្រើប្រាស់ជាមួយគ្រោងឆ្អឹង CIVIC GEN11 platform មានប្រវែងតួខ្លួនសរុប ៤ ៥៦៦ ម.ម ទទឹង ១ ៨៣៨ ម.ម កំពស់ ១ ៦១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៤ ម.ម។ ជាមួយការរចនាថ្មីដែលខុសពីកំណែទីផ្សារពិភពលោក ដោយមានប៉ាណាខាងមុខឲ្យឈ្មោះថា Honda Ridgeline-like, កាងខាងមុខពណ៌ខ្មៅ, ចង្កៀងមុខ LED ជាមួយមុខងារបើក/បិទដោយស្វ័យប្រវត្តិ ការរចនាចង្កៀងអ័ព្ទពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។
ចំពោះផ្ទៃខាងក្នុងមានបំពាក់ស្តង់ដារជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, ឧបករណ៍បំពងសម្លេង ៨ចំនុច, កៅអីខាងក្រោយបត់បាន ៦០/៤០, កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ sunroof ផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៦ វិនាទី ប្រព័ន្ធបើកបរប៉ុង២ ។
រថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ សម្រាប់តែទីផ្សារអាមេរិកខាងជើងនេះមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយបើកបររួមមាន៖ Anti-Collision Braking System, Lane Departure Warning System, Adaptive Cruise Control, Lane Keeping Assist System, Forward Collision Warning និង Traffic Sign Recognition System ៕