រថយន្ត Honda Civic Type R ស៊េរីឆ្នាំ២០២១ បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ដោយទទួលបានការអាប់ដេត ដូចទៅនឹងទីផ្សារដទៃទៀតដែរ។
ចំណុចអាប់ដេតសំខាន់បំផុតសម្រាប់ Civic Type R ឆ្នាំ២០២១ គឺ Software ថ្មី សម្រាប់ប្រព័ន្ធបូម Adaptive Damper System ដែលវាយតម្លៃស្ថានភាពផ្លូវបានលឿនជាងមុន ១០ដង ជួយឲ្យការបើកបរកាន់តែប្រសើរជាងមុន។
រថយន្តប្រភេទ Hatchback នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៣០៦សេះ ដូចទៅនឹងស៊េរីមុនៗដែរ ហើយដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។
Civic Type R ២០២១ បានបំពាក់ចង្កឹះលេខថ្មី ព្រមទាំងមុខងារ Active Sound Control ដែលជួយឲ្យសំឡេងម៉ាស៊ីនកាន់តែពិរោះ នៅពេលប្រើ Sport និង +R Mode។
ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្តនេះមានតម្លៃចាប់ពី ៥៤ ៩៩០ដុល្លារអូស្ត្រាលី ឬ ៤១ ៨០០ដុល្លារអាមេរិក ពោលគឺថ្លៃជាងស៊េរីមុន ៣ ០០០ដុល្លារអូស្ត្រាលី ឬ ២ ២៨០ដុល្លារអាមេរិក៕