Honda ត្រៀម ១,១ពាន់លានដុល្លារ ដើម្បីដុសខាត់រោងចក្រផលិតឡាន Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ត្រៀមបណ្ដាក់ទុនជាទឹកប្រាក់ ១,១ពាន់លានដុល្លារ ក្នុងការដុសខាត់រោងចក្រនៅ Alliston នៃប្រទេសកាណាដា ដើម្បីឲ្យរោងចក្រនេះអាចផលិតរថយន្ត hybrid បានបន្ថែមពីលើរថយន្តម៉ាស៊ីនពីស្តុងធម្មតា។

រោងចក្រខាងលើនេះបានផលិតរថយន្ត CR-V ចាប់តាំងពីឆ្នាំ២០១២ និងបានផលិតរថយន្ត Civic sedan រួមជាមួយការផលិតម៉ាស៊ីន៤ស៊ីឡាំង សម្រាប់រថយន្តទាំងពីរម៉ូដែលផងដែរ។ ពេលនេះដែរផ្នែកមួយនៃខ្សែសង្វាក់ផលិតទីពីរ កំពុងស្ថិតក្នុងដំណើរការជួសជុល​ និងអាចចាប់ផ្ដើមផលិតរថយន្ត CR-V ប្រភេទ hybrid បាននៅអំឡុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ សម្រាប់ដាក់លក់ជាម៉ូដែលឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិ Honda Canada បានឲ្យដឹងថាការសម្រេចចិត្តបន្ថែមការផលិតរថយន្ត hybrid នេះគឺដោយសារក្រុមហ៊ុនរំពឹងថាតម្រូវការសម្រាប់រថយន្តប្រភេទនេះនឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀត។

គួរដឹងផងដែរថា Honda មានគម្រោងការលក់តែរថយន្តអគ្គិសនីសុទ្ធ និងរថយន្តអគ្គិសនីប្រើថាមពល fuel-cell នៅត្រឹមឆ្នាំ២០៤០ ដោយក្រុមហ៊ុនរំពឹងថារថយន្តពីរប្រភេទនេះនឹងមានចំណែក ៤០% នៃចំនួនលក់សរុបនៅអាមេរិកខាងជើងនៅត្រឹមឆ្នាំ២០៣០ និងឡើងដល់ ៨០% នៅត្រឹមឆ្នាំ២០៣៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម