ក្រុមហ៊ុនរថយន្តជប៉ុន Honda បានបង្ហាញចេញរូបភាពផ្លូវការដំបូងនៃរថយន្តអគ្គិសនីថ្មីរបស់ខ្លួនម៉ូដែល Honda e ដែលរូបរាងរបស់វាដូចគ្នាស្ទើរតែ ១០០% ទៅនឹងរូបរាងកាលនៅជាផលិតផលគំរូ (Prototype)។
Honda e នឹងបង្ហាញមុខជាសាធារណៈក្នុងកម្មវិធីរថយន្ត Frankfurt Motor Show នាសប្ដាហ៍ក្រោយ។ រថយន្តនេះនឹងមានជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរប្រភេទ ដែលមួយបង្កើតកម្លាំងបាន ១៣៤ សេះ មួយទៀតកម្លាំង ១៥២ សេះ ដែលប្រភេទក្រោយនេះអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលប្រមាណ ៨ វិនាទី។
ទំហំអាគុយគឺ ៣៥,៥ គីឡូវ៉ាត់ម៉ោង ដែលពេលសាកមួយពេញអាចជិះបាន ២២០ គ.ម និងប្រើពេល ៣០ នាទី អាចសាកបាន ៨០%។ លើរថយន្តនេះក៏មានមុខងារជំនួយការបើកបរ និងបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលបច្ចុប្បន្នការកុម្ម៉ង់ទិញបានបើកទទួលហើយសម្រាប់នៅអង់គ្លេស អាល្លឺម៉ង់ បារាំង និងន័រវែស ខណៈតម្លៃមិនទាន់ប្រកាសនៅឡើយ៕