Honda ចាប់ដៃ LG សងរោងចក្រផលិតអាគុយតម្លៃ ៤,៤ពាន់លានដុល្លារនៅអាមេរិក ដើម្បីវាយលុកទីផ្សារឡានអគ្គិសនី

ក្រុមហ៊ុន Honda កំពុងរៀបចំសម្រាប់ការវាយលុកលើការចេញលក់នូវម៉ូឌែលរថយន្តអគ្គិសនីនាទសវត្សរ៍ក្រោយ ដែលបង្កើតឱ្យមានតម្រូវការសម្រាប់ប្រភពអាគុយបន្ថែមទៀត។ ដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានស្វែងរកដៃគូរសហការក្នុងការផលិត ដោយបានចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG ក្នុងការសាងសងរោងចក្រផលិតអាគុយថ្មីនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពប្រចាំឆ្នាំ ៤០ជីហ្គាវ៉ាត់ បន្ទាប់ពីការវិនិយោគចំនួន ៤,៤ ពាន់លានដុល្លារ។

កញ្ចប់អាគុយលីចូម-អ៊ីយ៉ុងដែលនឹងត្រូវបានផលិតនៅក្នុងរោងចក្រនឹងត្រូវបានប្រើទាំងស្រុងទៅលើរថយន្ត Honda និង Acura អគ្គិសនី ដែលផលិតឡើងសម្រាប់ទីផ្សារអាមេរិកខាងជើង ដើម្បីធានាដល់ការផ្គត់ផ្គង់ទាន់ពេលវេលា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និង LG បានប្រកាសថាការបណ្តាក់ទុនរួមគ្នាថ្មីរបស់ពួកគេត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០២២ នេះ ទោះបីជាទីតាំងពិតប្រាកដនៃរោងចក្រនៅសហរដ្ឋអាមេរិកមិនទាន់ត្រូវបានបង្ហាញជាក់លាក់នៅឡើយក៏ដោយ ប៉ុន្តែការសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ និងការផលិតនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមស្ថាប័ត្យកម្មចំនួន ៣ ដែលនឹងផ្តល់ដល់ម៉ូឌែលរថយន្តអគ្គិសនី ៣០ម៉ូឌែល ដែលនឹងត្រូវបង្ហាញខ្លួននៅត្រឹមឆ្នាំ២០៣០ ត្រូវបានបញ្ជាក់រួចហើយ ហើយ Honda e: Architecture គឺនឹងត្រូវបានប្រើប្រាស់ជាមួយអាគុយដែលផលិតនៅក្នុងរោងចក្រថ្មីនេះ។ សរុបមក Honda ចង់ឱ្យការផលិតរថយន្តអគ្គិសនី ប្រចាំឆ្នាំរបស់ខ្លួននៅអាមេរិកខាងជើងឈានដល់ ៧៥០ ០០០-៨០០ ០០០គ្រឿងនៅត្រឹមឆ្នាំ ២០៣០។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះ លោក Youngsoo Kwon នាយកប្រតិបត្តិនៃ LG Energy Solution បាននិយាយថា “ការបណ្តាក់ទុនរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Honda ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺជាកិច្ចការដ៏សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្រ្តរយៈពេលមធ្យមរបស់យើងក្នុងការលើកកម្ពស់អគ្គិសនីក្នុងល្បឿនលឿន នៅលើទីផ្សារអាមេរិកខាងជើងដែលកំពុងរីកចម្រើន”។ ខណៈដែលលោក Toshihiro Mibe នាយកប្រតិបត្តិ និងជានាយកតំណាងក្រុមហ៊ុន Honda បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្ត “ប្តេជ្ញាចិត្តចំពោះការទិញអាគុយ សម្រាប់រថយន្តអគ្គិសនីដែលផលិតនៅក្នុងស្រុក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម